សម្តេចធិបតី ថ្លែងថា សុខដុមរមនានៃគ្រប់សាសនានៅកម្ពុជា ជាគំរូល្អ និងទទួលបានការកោតសរសើរពីសហគមន៍ អន្តរជាតិ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២១ ០៣ ២៤

 

ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ាណែត ថ្លែងថា សុខដុមរមនានៃគ្រប់សាសនានៅកម្ពុជា ជាគំរូល្អ និងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ បន្ទាប់ពីប្រជាពលរដ្ឋ ដែលគោរពជឿលើសាសនាផ្សេងៗពីគ្នា មានសាមគ្គីល្អជាមួយគ្នា និងរស់នៅដោយសុខដុមជាមួយគ្នា។

  ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជាលើកទី ៨ ឆ្នាំ២០២៤ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានសុខដុមនីយកម្មសាសនា ក្រោមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដើម្បីបើកសិទ្ធិសេរីភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងការប្រតិបត្តិគ្រប់សាសនានៅកម្ពុជាបានយ៉ាងទូលំទូលាយ និងប្រឆាំងរាល់ទង្វើរើសអើងក្នុងបំណងយកសាសនាធ្វើអាជីវកម្មដែលអាចបង្កវិបត្ដិសាសនានៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទកភាពចំពោះប្រជាពលរដ្ឋខ្លួន ដែលគោរពជឿលើសាសនាផ្សេងៗពីគ្នា តែមានសាមគ្គីល្អជាមួយគ្នា និងរស់នៅដោយសុខដុមជាមួយគ្នា។ សុខដុមរមនានៃគ្រប់សាសនានៅកម្ពុជា ក៏ជាគំរូល្អ និងទទួលបានការកោតសរសើរពីសហគមន៍ អន្តរជាតិផងដែរ។

  សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋគ្រប់សាសនាដែលរស់នៅក្នុងប្រទេសកម្ពុជា សូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល សម្រាប់ផ្ដល់សិរីភាពគ្រប់សាសនា និងខិតខំឱ្យមានកិច្ចគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ដើម្បីឆ្ពោះទៅរកការរីកចម្រើន រស់ក្នុងសន្ដិភាព និងការអភិវឌ្ឍ៕F0445000-79B1-4AB8-820B-5F5EFA0CB42E46F00352-7A83-4F30-8C7A-56BC0CAA5C8008210EEC-75CC-483E-B2EB-11356B815FA14AF0F6E1-69F4-471E-927A-BB3128341CDE

Comments

Related posts