រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួប​សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល​ជប៉ុន ចំនួន០៧រូប

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង៣០នាទី នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប​សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល​ជប៉ុន ចំនួន០៧រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន រួមមាន៖ ផ្នែកទំនាក់ទំនងអន្តរជាតិ ផ្នែកវិស្វកម្មវិទ្យាសាស្ត្ររូបធាតុ ផ្នែកវិទ្យាសាស្ត្រឱសថ ផ្នែកសំណង់ស៊ីវិល ផ្នែកព័ត៌មានវិទ្យា ផ្នែកគ្រប់គ្រងធុរកិច្ច ផ្នែកសេដ្ឋកិច្ច ផ្នែកសិក្សាអប់រំ ផ្នែកគោលនយោបាយ និងរដ្ឋបាលសាធារណៈ។ 

 ជាកិច្ចស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការ​កោតសរសើរ​ដល់និស្សិត​ជ័យលាភីទាំង០៧រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាល​ជប៉ុនទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ​និស្សិតជ័យលាភីទាំងអស់​នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

 

នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះចំនួន​១០ចំណុច​ដល់និសិ្សតជ័យលាភីទាំង០៧រូប ដើម្បីរួមចំណែកដល់ការសិក្សា​ឲ្យបានជោគជ័យដូចខាងក្រោម៖

១- ត្រូវសំឡឹងមើលឱ្យទូលាយ 

២- សុំកុំបោះបង់ 

៣- ត្រូវបើកចិត្តឱ្យទូលាយ 

៤- ត្រូវព្យាយាមធ្វើឱ្យបានប្រសើរ 

៥- ត្រូវមានសុច្ឆន្ទៈ 

៦- ត្រូវឈរនៅទីដែលវិជ្ជមានជានិច្ច 

៧- ត្រូវបង្ហាញពីការខិតខំ 

៨-ត្រូវរៀនពីបទពិសោធន៍ 

៩- ត្រូវមានសង្គតិភាព 

១០- ត្រូវចេះលះបង់។

 

បន្ទាប់ពីទទួលបានអនុសាសន៍គន្លឹះដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និស្សិតទាំង០៧រូបក៍បានប្តេជ្ញាចិត្តនឹងខិតខំសិក្សាឲ្យបានពូកែ និងជោគជ័យយកចំណេះដឹងមកបម្រើជាតិមាតុភូមិវិញ។

 

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់​ដឹកនាំ​ក្រសួងសុខាភិបាលទាំងអស់ដែលបានចូលរួម និងជូនពរឱ្យក្មួយៗ​និស្សិត​ទាំងអស់​ទទួលបានជោគជ័យក្នុងការសិក្សា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៍បានជូនសៀវភៅរបាយការណ៍សមិទ្ធផលសុខាភិបាលឆ្នាំ២០២៣ និងទិសដៅ​ការងារឆ្នាំ២០២៤ និងឆ្នាំបន្ត របស់ក្រសួងសុខាភិបាលជូនដល់និស្សិតម្នាក់ៗ​ចំនួនមួយក្បាលផងដែរ។49AF7793-E211-4709-81B7-9650BB0D43813F1595AD-AC46-4F79-AB45-44105056B375BD101A30-342B-4172-BC86-5B179EADEA731536DCAF-E1CE-4D2C-B50E-1F611A9E18BC

Comments

Related posts