អភិបាលខេត្តកំពង់ធំប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង១០០០បណ្ណ ជូនប្រជាពលរដ្ឋ ឃុំឈូក ស្រុកប្រាសាទសំបូរ

វិទ្យុជាតិកម្ពុជា មន្ទីរព័ត៌មានខេត្តកំពង់ធំ

(កំពង់ធំ) ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ១០៨០បណ្ណ ជូនប្រជាពលរដ្ឋភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសបូរ នារសៀលថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៤ ។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្តបានឱ្យដឹងថាការ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ១០៨០បណ្ណ ជូនប្រជាពលរដ្ឋមាន៖
-ដីលំនៅឋានចំនួន៥១៥បណ្ណ -ដីផលិតកម្មកសិកម្មចំនួន ៥៦៣បណ្ណ -ដីវត្តចំនួន០១បណ្ណ -ដីសាលារៀនចំនួន០១បណ្ណ -ដីគ្មានទិន្នន័យចំនួន១៥២ក្បាលដី - ទ្រព្យខាងប្ដីចំនួន២៣៥បណ្ណ - ទ្រព្យប្រពន្ធចំនួន៤៣៥បណ្ណ
-ទ្រព្យលីវចំនួន៩៦បណ្ណ -ទ្រព្យរួមប្ដីប្រពន្ធចំនួន៣០១បណ្ណ -ទ្រព្យរដ្ឋចំនួន០១បណ្ណ -ទ្រព្យកម្មសិទ្ធិអវិភាគចំនួន០៥បណ្ណ -ទ្រព្យសហកម្មសិទ្ធិចំនួន០៦បណ្ណ និងទ្រព្យវត្តចំនួន០១បណ្ណ។

លោកបានសំណូមពរដល់ប្រជាពលរដ្ឋសូមមកទទួលយកបណ្ណឱ្យបានគ្រប់ៗគ្នានិងបង់សេវាចូលរដ្ឋតាមការកំណត់
សម្រាប់ដីទិញលក់ត្រូវបង់ប្រថាប់ត្រាជាមុនសិន និងដីអំណោយត្រូវផ្តិតមេដៃលើកិច្ចសន្យា មិនត្រូវអ៊ុតរឹងដូចកាតចំពោះដីទំនាស់ និងគ្មានទិន្នន័យសូមបំពេញទិន្នន័យឡើងវិញ ។

ឯកឧត្តម ងួន រតនៈ  បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រម ទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។

ឯកឧត្តមបន្តថាការចុះធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះមានការស្មុគស្មាញហើយមន្ត្រីជំនាញទាំងអស់ធ្វើការងារដោយប្រុងប្រយ័ត្ន ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យពួកគាត់ ប្រើប្រាស់ដោយស្របច្បាប់និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

ឯកឧត្តមបន្តទៀតថាបញ្ហាដីធ្លីនេះជាបញ្ហាមួយដែលលំបាកស្មុគស្មាញដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានជម្លោះដីធ្លីរ៉ាំរ៉ៃដែលយន្តការនេះនៅតែបន្តដោះស្រាយនៅក្រៅប្រព័ន្ធតុលាការដោយអនុវត្តតាម យុទ្ធសាស្ត្រឈ្នះឈ្នះ ហើយយន្តការនេះនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ដើម្បីប្រែក្លាយទៅជាតំបន់មួយជាតំបន់ដែលមានសន្តិភាពដីធ្លី។

ឯកឧត្តមបញ្ជាក់ទៀតថាបណ្ណកម្មសិទ្ធិនេះផ្ដល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីជាក់ស្តែង មិនមានការភ័យខ្លាច។
ចុងក្រោយឯកឧត្តម ងួន រតនៈ បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ឲ្យផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឱ្យបានគ្រប់ៗគ្នា ៕photo_2024-03-21_23-04-50photo_2024-03-21_23-04-54photo_2024-03-21_23-04-57

photo_2024-03-21_23-05-02

Comments

Related posts