អាជ្ញាធរខេត្តព្រះវិហារប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍”

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ នៅបរិវេណរដ្ឋបាលសាលាក្រុងព្រះវិហារ មានរៀបចំ ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍” ដែលពិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួម ពីសំណាក់ លោកអភិបាលក្រុង ចៅសង្កាត់ ប្រធានមន្ទីរ អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំង ទាំង៣ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្រោយពីបានស្ដាប់នូវមតិស្វាគមន៍ របស់លោក ប៉ុក ងួន អភិបាលក្រុងរួចមក លោក សុខ សាន្តតារ៉ា  អភិបាលរងខេត្តព្រះវិហារ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជា មាសបៃតង និងដើរតួនាទីយ៉ាងសំខាន់រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈនៃការផ្ដល់ឱកាសការងារធ្វើដោយប្រយោល និងដោយផ្ទាល់។ លោកក៏បានលើកឡើងបន្ថែមថា ទិវាទីក្រុងស្អាតនេះពិតជាមានសារសំខាន់ខ្លាំង ណាស់ដើម្បីត្រៀម ខ្លួនជាបេក្ខភាពក្រុងស្អាត សម្រាប់ការប្រឡងប្រណាំងដើម្បីទទួលបានផ្ការំដួលកើនឡើង។

ទន្ទឹមគ្នានេះដែរ អភិបាលរងខេត្តព្រះវិហារ ក៏បានស្នើដល់រដ្ឋបាលក្រុងស្រុក ឃុំ-សង្កាត់ និង ផ្នែកពាក់ព័ន្ធទាំងអស់ ត្រូវបន្ដរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់អំពី ការគ្រប់គ្រង ការទុកដាក់ និងការវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវ សម្អាតអនាម័យបរិស្ថានឱ្យបានស្អាតជាប្រចាំ ដោយធានាឱ្យបាននូវភាពស្អាត និងបៃតង សំដៅចូលរួម លើកកម្ពស់ចលនា ទេសចរណ៍ក្នុងស្រុកឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការទុកដាក់សំរាមឱ្យមានសណ្ដាប់ធ្នាប់ ពិសេសទុក ដាក់ទៅតាមប្រភេទនៃសំរាមនីមួយៗ ដើម្បីឱ្យទីក្រុងមានសោភ័ណភាពល្អ ស្រស់បំព្រង ខណៈទីក្រុង ស្អាត បរិស្ថានល្អ សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ ជាកត្តាសំខាន់បំផុតសម្រាប់ ទាក់ទាញភ្ញៀវទេសចរ ដោយចាប់ផ្តើមពីខ្លួនយើង ដើម្បីទីក្រុងស្អាត ទេសចរណ៍រុងរឿងនាពេលអនាគត។

លោក សុខ សាន្ដតារ៉ា បានបន្ថែមថា នេះជាការប្រារព្ធទិវាទីក្រុងស្អាតលើកទី១២ ដែលមាន ទិសស្លោកថា “ទីក្រុងស្អាតដើម្បីទេសចរណ៍” ដូច្នេះដើម្បីទទួលបានកំណើនទេសចរណ៍ និងមាន ទេសចរណ៍មកកម្សាន្តក្នុងខេត្តរបស់យើង លុះត្រាតែទីក្រុងព្រះវិហារ មានសោភ័ណភាព និងបរិស្ថាន ស្អាត។ ក្នុងកិច្ចប្រារព្ធទិវាទីក្រុងស្អាតនេះ បានបែងចែកជា៣គោលដៅរើសសំរាម នៅតាមដងផ្លូវក្នុងទីក្រុងឱ្យបានល្អ៕photo_2024-03-21_23-12-34photo_2024-03-21_23-12-42photo_2024-03-21_23-12-47photo_2024-03-21_23-12-51photo_2024-03-21_23-12-54photo_2024-03-21_23-13-02photo_2024-03-21_23-13-11photo_2024-03-21_23-13-16

photo_2024-03-21_23-13-21

Comments

Related posts