សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ីស្លាមកម្ពុជា លើកទី ៨ ឆ្នាំ២០២៤

 

វិទ្យុជាតិកម្ពុជា

IMG_4939

  សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ីស្លាមកម្ពុជាលើកទី ៨ ឆ្នាំ២០២៤ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វា ។
   វត្តមានដ៏មានតម្លៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ក្នុងពិធីនេះជាការផ្តល់មហាកិត្តិយស និង កម្លាំងចិត្តក្នុងពិធីពិសាអាហារស្រាយបួសលើកទី៨ ឆ្នាំ២០២៤ ជាមួយបងប្អូនសាសនិកអ៊ីស្លាមកម្ពុជា និងប្រិយមិត្តបរទេស ដែលរៀបចំដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។
ក្នុងកម្មវិធីពិធីពិសាអាហារស្រាយបួសលើកទី៨ ឆ្នាំ២០២៤មានអ្នកអញ្ជើញមកចូលរួមចំនួន ៦២០០ នាក់ ក្នុងនេះមានគណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមុំាម៉ាស្ជិទ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ សិស្ស និស្សិត ដែលក្នុងនោះអញ្ជើញមកពីបណ្តាខេត្តទូទាំងប្រទេសចំនួនជាង ២,៥៥០នាក់ ក្នុងរាជធានីភ្នំពេញ រួមទាំងសិស្ស និស្សិតរៀននៅ ១៨សាកលវិទ្យាល័យ ជាង ២,៨០០ នាក់ និងប្រិយមិត្តក្នុង និងក្រៅពីបរទេសចំនួន ជាង ៤00 នាក់ ដែលមាន ៣៩ ជាតិសាសន៍។
ឆ្នាំនេះ ជាឆ្នាំទី៨ហើយ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចរៀបចំឱ្យមានកម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជាកម្មវិធីមួយ ពុំធ្លាប់មាននៅព្រះរាជាណាចក្រកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ(២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជម្ងឺកូវីដ-១៩។ ពិធីស្រាយបួសថ្នាក់ជាតិនៅកម្ពុជា ក៏ត្រូវបានចាត់ទុកថាជាការរៀបចំដែលមានទ្រង់ទ្រាយធំជាងគេក្នុងចំណោមពិធីស្រាយបួសដែលរៀបចំដោយរដ្ឋាភិបាលនៅតាមបណ្តាប្រទេសនានាលើសកលលោក។
ទោះបីរាជរដ្ឋាភិបាលបច្ចុប្បន្នដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែបងប្អូនសាសនិកអ៊ីស្លាមទាំងក្នុងនិងក្រៅប្រទេស តែងតែចងចាំជានិច្ច និងមិនអាចបំភ្លេចបាននូវគុណបំណាច់មិនអាចកាត់ថ្លៃបាន វីរភាពដ៏អង់អាចក្លាហាន ក្នុងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសជាតិចេញពីបាតដៃទទេ គំនរផេះផង់ដោយសារសង្គ្រាមរ៊ាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជឿន លឿនលើគ្រប់វិស័យ ជាពិសេស បានផ្តល់ជូនបងប្អូនសាសនិកអ៊ីស្លាមនូវសិទ្ធិសេរីភាពពេញទីខាងជំនឿសាសនា និងគោលនយោបាយជាច្រើនឥតគណនា ដែលនាំឱ្យសហគមន៍ខ្មែរអ៊ីស្លាម មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាក់ស្តែងគុណបំណាច់ដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជាពីជ្រោះមរណាដោយសារជម្ងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ដែលបងប្អូនតែងមានអំនួតថា “យើងខ្ញុំមានសំណាងណាស់ដែលបានកើតលើទឹកដីខ្មែរដ៏ស្រស់បវរ ដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ដល់សាសនិកអ៊ីស្លាម លើសពីបណ្តាប្រទេសមួយចំនួន”។
 សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអង្គការសហប្រតិ បត្តិការអ៊ីស្លាម(OIC) ដែលមានរដ្ឋជាសមាជិកចំនួន ៥៧ប្រទេស មានប្រជាជនជិត២ពាន់លាននាក់ អង្គការសម្ព័ន្ធពិភពអ៊ីស្លាម (RABITA) និងបណ្តាប្រទេសនានាជាច្រើនទៀត បានវាយតម្លៃខ្ពស់និងបានកោតសរសើរដល់កម្ពុជា ដោយបានយកកម្ពុជាធ្វើជាគម្រូដ៏ល្អនៃប្រទេសដែលមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា ដែលបានសាមគ្គីភាពនឹងគ្នា ប្រកបដោយការយោគយល់។
  ដោយបានយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ខ្មែរអ៊ីស្លាម បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់គោលនយោបាយ រៀបចំឱ្យមានបងប្អូនមុស្លិម បានចូលរួមបម្រើកិច្ចការជូនជាតិនៅក្នុងស្ថាប័ននីតិប្បញ្ញតិ នីតិប្រតិបត្តិ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ  មន្ត្រីជាន់ខ្ពស់នគរបាល យោធា មន្ត្រីរាជការ។ល។  ដែលនៅអាណត្តិទី៧នេះ មាន ៖
សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាប្រធានព្រឹទ្ធសភា ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន  អភិបាលរងរាជធានី-ខេត្ត អភិបាលរងក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ  សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មន្ត្រីថ្នាក់ឧត្តមសេនីយ៍នគរបាល យោធា និងគ្រូបង្រៀនខ្មែរអ៊ីស្លាមជាច្រើនរូប។ ជាក់ស្តែង នៅអាណត្តិថ្មីនេះ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ មានសមាជិករដ្ឋសភាចំនួន ៦រូប ក្នុងនោះមានស្ត្រី១រូប និងនាពេលថ្មីៗនេះ មានជាប់ជាសមាជិកព្រឹទ្ធសភាចំនួន ៥រូប ក្នុងនោះមានស្ត្រីមួយរូបផងដែរ៕

Comments

Related posts