សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ និងជំរុញការអប់រំបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋខ្មែរឥស្លាមនៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២១ ០៣ ២០២៤

IMG_4939-1

MC៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ភាគីពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបច្ចេកវិជ្ជាផ្សេងៗ ដល់បងប្អូន ខ្មែរឥស្លាម ដើម្បីឱ្យ ពួកគាត់ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។ 
   ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ដែលមានបងប្អូនខ្មែរឥស្លាមចូលរួម ប្រមាណ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ចំពោះវិស័យអប់រំរបស់ខ្មែរឥស្លាមបច្ចុប្បន្ន មានការរីកចម្រើន ហើយរាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌគ្រូបង្រៀន ជូនដល់សហគមន៍ខ្មែរឥស្លាម ដែលធ្វើឱ្យចំនួន សិស្សនិស្សិតបញ្ចវ័ន្តខ្មែរឥស្លាមកាន់តែមានចំនួនកើនឡើង។ តាមរយៈនេះ សម្តេចធិបតី បានផ្តល់អនុសាសន៍ ណែនាំមួយចំនួន  ក្នុងនោះថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាម ទាំងអស់ សូមបន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍។ ត្រូវបន្តរៀបចំដឹកនាំ កិច្ចការសាសនា ក្នុង សហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ច តាមលំដាប់ថ្នាក់។ អាជ្ញាធរមានសមត្ថកិច្ចជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម ស៊ូរ៉ាវ ជូនបងប្អូនខ្មែរ ឥស្លាម ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹង ស្តីពីការកំណត់លើការកសាង ទីកន្លែងប្រតិបត្តិសាសនា នៅតាមបណ្តាភូមិដែលមានសាសនិកខ្មែរឥស្លាមរស់នៅ ស្របតាមក្រឹត្យក្រម ច្បាប់សាសនាឥស្លាមដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេសទៅតាមសា្ថប័នមានសមត្ថកិច្ច។ សូម បង្កើនសកម្មភាពសង្គម តាមរយៈ កិច្ចការមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ។ «សូមមានការជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាសិទ្ធិសេរីភាពខាង សាសនាឥស្លាម នៅកម្ពុជា តាមរយៈសាមគ្គីភាព ជាមួយអ្នកកាន់សាសនានានា ដើម្បីភាពសុខដុមនីយកម្មផ្នែកសាសនា និងត្រូវបន្ត កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេស សម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍ សហគមន៍ខ្មែរឥស្លាម ដោយចៀសវាងការយកសាសនា សម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អ នៅក្នុងសហគមន៍។»
នាឱកាសនោះ សម្ដេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលបើកទូលាយលើសិទ្ធសេរីភាពនៃការគោរព សាសនាឥស្លាម ដល់បងប្អូនឥស្លាម ដូចជា សិស្ស-និស្សិតឥស្លាម អាចស្លៀកសម្លៀកបំពាក់ ប្រពៃណីឥស្លាម នៅតាមគ្រឹះស្ថានសិក្សា គ្រប់កម្រិត, បងប្អូនជាស្ត្រីអាចទទូរក្បាល និងបុរសអាចពាក់កាតឹបថតរូប សម្រាប់ប្រើប្រាស់លើឯកសាររដ្ឋបាល ដូចជា លិខិតឆ្លងដែន, អត្តសញ្ញាណបណ្ណ ។ល។ ខណៈកន្លែងថ្វាយបង្គំ មាននៅព្រលានយន្តហោះ, នៅតាមមន្ទីរពេទ្យរដ្ឋ, នៅតាមរោងចក្រ, សណ្ឋាគារ, ផ្សារធំៗមួយចំនួន, ជាពិសេស នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំ បន្ទប់ថ្វាយបង្គំផងដែរ៕

Comments

Related posts