បទយកការណ៍៖ សិល្បៈគ្រប់ទម្រង់នឹងលើកយកមកសម្តែង ក្នុងទិវាវប្បធម៌ជាតិរយៈពេល៣ថ្ងៃក្នុងខេត្តសៀមរាប

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាង និងប្រិយមិត្តជាទីមេត្រី !

ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៦ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប នឹងរៀបចំប្រារព្ធទិវាវប្បធម៌ជាតិថ្នាក់ខេត្ត រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃពុធ ៣រោច ដល់៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ដល់២៩ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅបរិវេណសួនច្បារមុខសណ្ឋាគារGrand Hotel (ខាងកើតផ្លូវជាប់មាត់ស្ទឹងសៀមរាប) អមដោយកម្មវិធីពិព័រណ៍ខ្លែងឯក ព្រមទាំងការប្រគុំតន្ត្រីខ្មែរបុរាណនិងល្បែងរបាំប្រពៃណីជាច្រើនទៀត ជូនសាធារណៈជនបានទស្សនាកំសាន្ត និងសិក្សាឈ្វេងយល់។ 

សូមលោកអ្នកនាងតាមដានបទយកការណ៍ស្តីពីបញ្ហានេះដូចតទៅ ៖

លោកអ្នកនាង និងប្រិយមិត្ត ជាទីមេត្រី!

នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៤ជាបន្តបន្ទាប់មកហើយ ទៅតាមពេលវេលាជាក់ស្តែងរបស់មូលដ្ឋានរៀងៗខ្លួន។ ក្នុងនោះ ការរៀបចំអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៤ របស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ដោយផ្តោតសំខាន់លើការបន្តលើកកម្ពស់ស្មារតីប្រជាជន មហាជន ពិសេសយុវជន ដែលជាអ្នកបន្តវេន ឱ្យកាន់តែមានការយល់ដឹងពីតម្លៃពិត នៃពហុវប្បធម៌ ។ មិនតែប៉ុណ្ណោះដើម្បីបង្ហាញពីការចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ ដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ ការគោរពដឹងគុណ បុព្វការីជន និងបង្កើននូវសាមគ្គីភាពប្រកបដោយគុណធម៌ និងការអភិវឌ្ឍ។

លោក មេ សំបូរ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា៖ ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋបាលខេត្ត មន្ទីរវប្បធម៌ នឹងរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់២៩ខែមីនាខាងមុខនេះ នាបរិវេណសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប។ លោកថា៖ ពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនាឆ្នាំនេះរៀបចំឡើងហាក់មានភាពធំដុំ និងល្អប្រសើរជាងរាល់ៗ ឆ្នាំកន្លងមក ដោយអនុវត្តតាមសារាចរណែនាំ របស់រាជរដ្ឋាភិបាលកំណត់ ឱ្យខេត្តសៀមរាបក្នុងឆ្នាំ២០២៤ ធ្វើយ៉ាងណា រៀបចំពិធីនេះឱ្យបានទូលំទូលាយ។ទាំងនេះដោយហេតុថាសៀមរាបជាខេត្តទេសចរណ៍ និងសម្បូរទៅដោយមរតក វប្បធម៌ដែលបន្សល់ទុកជាច្រើនរាប់ពាន់ឆ្នាំមកហើយៗដែលក្នុងនោះយុវជន គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកថែរក្សាសម្បត្តិវប្បធម៌ជាតិ។

សំឡេង១« ឆ្នាំនេះយើងបានពង្រីកការងារនេះទំហំធំ ហើយមានការផ្សព្វផ្សាយទូលំទូលាយជាសាធារណៈ ដោយមានការណែនាំនិងសហការជាមួយអាជ្ញាធរផ្សេងៗនិងរដ្ឋបាលខេត្ត សម្រាប់ធ្វើការងារវប្បធម៌នេះ ឱ្យកាន់តែប្រសើរឡើងក្នុងខេត្តសៀមរាប។ទិសស្លោកសំខាន់របស់ទិវាវប្បធម៌ជាតិ គឺយុវជនដើម្បីវប្បធម៌ជាតិ យើងផ្តោតសំខាន់ដើម្បីពញ្ញាក់ស្មារតីយុវជន ឱ្យគាត់ស្គាល់អំពីវប្បធម៌ខ្លួនឯង ឱ្យគាត់ដឹងអំពីតម្លៃវប្បធម៌ខ្លួនឯង របស់ដែលដូនតាបង្កើតឡើងបន្សល់ទុកគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន។សម្បត្តិវប្បធម៌នេះ គឺជាអត្តសញ្ញាណសម្គាល់របស់ក្រុមមនុស្សមួយ ឬរបស់ជាតិមួយ ហើយការងារចាំបាច់ អ្នកដែលត្រូវបន្តវេន គឺយុវជនជាបុគ្គលគោលដៅដែលយើងត្រូវផ្សព្វផ្សាយនិងពង្រីកកម្មវិធី»។7C5E2FC1-F7EF-426B-B834-160F3E2C9FC8

លោក ព្រំ ខេមរា ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប មានប្រសាសន៍ថា៖ កម្មវិធីសំខាន់ៗដែលមន្ទីរ នឹងរៀបចំរយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា មានច្រើនសម្បូរបែប ដូចជា៖ ពិព័រណ៍ខ្លែងឯក ដោយចែករំលែកចំណេះដឹងអំពីអត្តសញាណនៃខ្លែងឯកខ្មែរ ការសម្តែងសិល្បៈបុរាណគ្រប់ទម្រង់ ស្តង់ពិព័រណ៍បង្ហាញអត្តសញ្ញាណរបស់បណ្តាស្រុកនានាជុំវិញខេត្ត និងស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ ចំនួនជាង២០០ស្តង់ សម្រាប់មហាជនបានទស្សនា និងសិក្សាឈ្វេងយល់។សំឡេង២«យើងរៀបចំការសម្តែងជូនប្រជាពលរដ្ឋក្នុងពេលរាត្រី ក្នុងនោះយើងបានយកសិល្បៈគ្រប់ទម្រង់ទាំងអស់ តាំងពីរបាំបុរាណ របាំប្រពៃណី ជាពិសេសយើងបានគាស់រម្លើងមកវិញនូវល្ខោនបាសាក់ ដែលបច្ចុប្បន្នមានការប្រឈមខ្លាំង ហើយជារឿងល្អដែរ ដោយក្នុងខេត្តសៀមរាបយើង មានក្រុមល្ខោនបាសាក់ចំនួន១១ក្រុម ខណៈដែលខេត្ត-រាជធានីទាំង២៥ ជុំវិញប្រទេស មានការបាត់បង់អស់ហើយ យើងនេះនៅសល់ច្រើនជាងគេ អ៊ីចឹងបានយើងផ្តល់ឱកាសឱ្យពួកគាត់បង្ហាញនូវសមត្ថភាព សម្តែងជូនថ្នាក់ដឹកនាំ និងពលរដ្ឋបានទស្សនាក្នុងរយៈពេល៣ថ្ងៃនេះ។ យើងមានតាំងពិព័រណ៍ផលិតផលនានា ដែលយើងបើកតាំងបង្ហាញតាំងពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង៩និង៣០នាទីយប់។ ក្នុងនោះយើងផ្តោតសំខាន់ទៅលើពិព័រណ៍នៃសិល្បករដែលប្រកបអាជីពផ្នែកសិល្បៈវប្បធម៌ ក៏មានការចូលរួមយ៉ាងសកម្មដែរ ពីក្រុមភូមិមួយផលិតផលមួយ ក៏បានតាំងបង្ហាញនូវផលិតផលដែល ផលិតនៅក្នុងខេត្តសៀមរាបយើង»។នៅក្នុងទម្រង់កម្មវិធីកម្សាន្ត នៃព្រឹត្តិការណ៍អបអរសាទរទិវាវប្បធម៌ជាតិ៣មីនារយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសយុវជនក៏អាចចូលរួមទស្សនាដោយសេរី ជាពិសេសសិក្សាឈ្វេងយល់នូវទម្រង់កម្មវិធីសិល្បៈ ឬពិព័រណ៍របស់ក្រុមសិប្បករ ដើម្បីបានដឹងអំពីតម្លៃឬទម្រង់នៃសម្បត្តិវប្បធម៌ជាតិ។ ក្នុងនោះយុវជន ក៏អាចបង្ហាញនូវអត្តសញ្ញាណរបស់ខ្លួន តាមរយៈការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីតាមតំបន់ ដែលមាននៅក្នុងវប្បធម៌ខ្មែរ ឬក៏អាចបង្ហាញអំពីសមត្ថភាពរបស់ខ្លួន ក្នុងកម្មវិធីណាមួយដែលខ្លួនចេះ ទៅកាន់យុវជនឬប្រជាពលរដ្ឋដទៃទៀតបានទស្សនា។24E5BB06-C2D9-4182-A487-E5BD6451EF41

ជួបជាមួយកញ្ញា រស់ សម្មាវត្តី ប្រជាពលរដ្ឋនៅក្រុងសៀមរាប បានឱ្យដឹងថា៖ ក្នុងនាមជាយុវជនខ្មែរម្នាក់ប្អូនពិតជាសប្បាយរីករាយនិងគាំទ្រឱ្យមានការរៀបចំពីធីអបអរសាទរទិវាវប្បធម៌ជាតិ នៅក្នុងខេត្តសៀមរាប ព្រោះនេះជាសកម្មភាពមួយ ដែលបានបង្ហាញឬដាស់ស្មារតីយុវជន យុវនារីទាំងអស់ ឱ្យងាកមកឈ្វេងយល់ ថែរក្សាការពារ វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ ក្នុងនោះ ការរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ របស់ស្ថាប័នពាក់ព័ន្ធ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានភាពល្អប្រសើរ ធ្វើឱ្យយុវជនជំនាន់ក្រោយ បានយល់ដឹងនិងចូលរួមយ៉ាងផុសផុល។

សំឡេង៣« ទិវាវប្បធម៌ជាតិ៣មីនា ដែលនឹងត្រូវរៀបចំនៅថ្ងៃខាងមុខនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់យុវជនជំនាន់ក្រោយ ដោយសារទិវាវប្បធម៌នេះ ជាផ្នែកមួយយ៉ាងសំខាន់ដែលជួយអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ឱ្យនៅគង់វង្សយូរអង្វែង។ ទិវាវប្បធម៌ក្នុងមួយឆ្នាំ យើងរៀបចំម្តង ប៉ុន្តែការរៀបចំគឺខុសប្លែកគ្នារៀងរាល់ឆ្នាំ និងកាន់តែអភិវឌ្ឍន៍ទៅមុខ ពីមួយឆ្នាំទៅមួយឆ្នាំយើងបានរៀបចំទិវាវប្បធម៌នេះ ឱ្យមានការលើកស្ទួយនូវតម្លៃវប្បធម៌ និងការផ្លាស់ប្តូរបែបបទនៃការរៀបចំដើម្បីឱ្យទិវានេះ កាន់តែមានប្រសិទ្ធភាពក្នុងការសាបព្រោះទៅដល់យុវជន ដើម្បីឱ្យយុវជនជំនាន់ក្រោយ បានយល់ដឹងនូវវប្បធម៌ខ្មែរទូលំទូលាយ  »។EDABBC0D-F2F2-476D-9CA1-037AF2E0A1C2

ចំណែកលោក យឹន ដាវ័ន្ត អាយុជាង២០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានឱ្យដឹងដែរថា៖ ទិវាវប្បធម៌ជាតិ៣មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ មិនថា៖នៅក្នុងខេត្តសៀមរាបឬទូទំាងប្រទេសកម្ពុជាឡើយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញយុវជនដែលជាកម្លាំងចលករជាតិ ឱ្យបានយល់ដឹង និងចូលរួមក្នុងទិវានេះ ដើម្បីថែរក្សាអត្តសញ្ញាណជាតិឱ្យបានស្ថិតស្ថេរគង់វង្ស។ ក្នុងនាមយុវជនជំនាន់ក្រោយ លោក ណាវ័ន្ត ប្តេជ្ញាបន្តថែរក្សា ការពារ និងឈ្វេងយល់អំពីសម្បត្តិវប្បធម៌របស់ខ្លួន ដើម្បីបន្តចែករំលែកទៅកាន់យុវជនដទៃទៀត ឱ្យបានស្គាល់អំពីអត្តសញ្ញាណរបស់ខ្មែរ។

សំឡេង៤« យុវជនជាកម្លាំងចលករមួយដ៏សំខាន់ ដែលពេញទៅដោយកម្លាំងប្រាជ្ញា ស្មារតី និងជាអ្នកបន្តនូវកេរ្ដិ៍មរតកវប្បធម៌ខ្មែរយើង ទីមួយយើងត្រូវតែយល់ដឹងឱ្យកាន់តែច្បាស់នូវអ្វីទៅជាវប្បធម៌របស់ខ្មែរយើង ដើម្បីកុំឱ្យភាន់ច្រឡំ ងាយស្រួលក្នុងការបណ្តុះនូវមនសិការស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ខ្មែរ។ ដូច្នេះក្នុងនាមជាយុវជន ខ្ញុំសូមអំពាវនាវទៅដល់យុវជនទាំងអស់ក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប ដែលនឹងមានព្រឹត្តិការណ៍មួយដ៏សំខាន់ ទិវាវប្បធម៌ជាតិ៣មីនា ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី២៧- ២៨ និង២៩មីនាខាងមុខនេះ ។សូមអញ្ជើញចូលរួម ពីព្រោះយើងមានការដាក់តាំងនូវពិព័រណ៍ផលិតផលវប្បធម៌ខ្មែរនិងខ្លែងឯកជាអត្តសញ្ញាណរបស់ខ្មែរយើងផងដែរ»។B2B19B44-0D07-4ACF-B207-6B200A1DE0DF

លោកអ្នកនាងជាទីមេត្រី!

ទិវាវប្បធម៌ជាតិ ៣មីនា គឺជាទិវាមួយ ដែលរាជរដ្ឋាភិបាល បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០២៤ និងបានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ដែលគិតមកដល់ពេលនេះមានរយៈពេល២៦ឆ្នាំមកហើយ ។ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា មានលក្ខណៈធំដុំជាងរៀងរាល់ឆ្នាំ ដែលមានរយៈពេល៣ថ្ងៃពេញ ដោយមានរួមបញ្ចូលនូវកម្មវិធីបែបកម្សាន្ត ល្បែងរបាំប្រពៃណី និងពិព័រណ៍បង្ហាញស្នាដៃរបស់ក្រុមសិប្បករខ្មែរ។ ពិធីនេះប្រារព្ធឡើង ស្របពេលដែលខេត្តសៀមរាប បានប្រកាសបើកជាឆ្នាំទស្សនាសៀមរាប ២០២៤ផងដែរ។ទន្ទឹមនឹងការប្រារព្ធពិធីក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ក៏បានចេញសេចក្តីអំពាវនាវ ឱ្យមានការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ាលោក លោកស្រី អ្នកនាងកញ្ញា ជាពាណិជ្ជករ អាជីវករនៅក្នុងខេត្ត មេត្តាចូលរួមឧបត្ថម្ភគាំទ្រ ជាសម្ភារៈក្តី ជាថវិកាក្តី ដល់មន្ទីរវប្បធម៌ ដើម្បីជួយដល់ការរៀបចំទិវាវប្បធម៌ជាតិក្នុងឆ្នាំនេះ ឱ្យប្រព្រឹត្តិទៅដោយភាគជោគជ័យ និងអធិកអធម។ ការជួយឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា គឺជាការបង្ហាញពីការចូលរួមគាំទ្រ ដល់វប្បធម៌ជាតិ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុភាពជាតិ ជាមរតកប្រកបដោយសក្តានុពលដ៏ធំធេង ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជាការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំ ពីសង្គមមួយទៅសង្គមមួយពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឱ្យចេះរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា៕7DB931B9-6FF2-4E64-B450-E8644C34715E68D11743-6022-4AD3-8E4A-BC2585CC7CBEEAC68F82-3E57-45C7-B1C0-933EC9018A651C79A41A-9239-4A98-9E51-BC92DB0BC2290E5E1B8F-9984-4706-8E10-B053B78ED72E6F4B5233-0517-4B9C-926D-259A52FCCE3499F4B532-3FA5-4286-B56F-294C4EEB6E2F

Comments

Related posts