ការចុះអនុស្សរណៈរវាងក្រសួងការងារនិងស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 26 3 2024

IMG_5397

IMG_5403

IMG_5398-1

IMG_5402-1

IMG_5400

IMG_5401

IMG_5396-1

IMG_5399

ភ្នំពេញ ៖ ការចុះអនុស្សរណៈរវាងក្រសួងការងារ និងស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាល  ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ ក្នុងការទទួលបានការអភិវឌ្ឍជំនាញ និងឱកាសការងារកាន់តែល្អប្រសើរ ការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ ។ 
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិង សហភាពសហព័ន្ធយុវជន កម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ អមដំណើរដោយសហការី នៅមជ្ឈមមណ្ឌលម៉ានី អគារ The Kampus នារសៀលថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤។ 
កិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងការចុះឈ្មោះ ស្វែងរកការងារ និងណែនាំអំពីអាជីព។ 
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដែលបានជ្រើសរើស ស.ស.យ.ក. ដើម្បីជំរុញការផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជន និងការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព។ ជាមួយគ្នានេះ ឯកឧត្តម ក៏បាន លើកឡើងអំពីប្រវត្តិ បេសសកម្ម និងចក្ខុវិស័យ ស.ស.យ.ក. ផងដែរ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ស.ស.យ.ក. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបន្តបេសកកម្មយ៉ាងខ្ជាប់ខ្ជួនពីយុវជនជំនាន់មុន ក្នុងការចូលរួមក្នុងបុព្វហេតុ ជាតិមាតុភូមិ តាមរយៈការផ្តល់ឱកាសដល់យុវជនគ្រប់ទិសទី មករួមជាកម្លាំងសាមគ្គី ដើម្បីចូលរួមចំណែក ក្នុងការ អភិវឌ្ឍប្រទេសជាតិ។ 
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាមួយស.ស.យ.ក.នេះ កើតឡើងដោយសារ ការមើលឃើញពីវិសាលភាពនៃរចនាសម្ព័ន្ធរបស់ស.ស.យ.ក. ដែលមានលក្ខណៈទូលំទូលាយ និងសាយភាយទូទាំង ប្រទេស   ដែលអាចផ្តល់ជាលទ្ធផលខ្ពស់ក្នុងការជំរុញ ក្នុងការផ្សព្វផ្សាយនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក ស.ស.យ.ក. និងយុវជនទូទៅឱ្យកាន់តែមានសក្តានុពល។ឯកឧត្តមបានបន្ថែមថា អនុស្សរណៈនេះ នឹងសម្របសម្រួលដល់សមាជិក សមាជិកា ស.ស.យ.ក. យុវជនទូទៅ ក្នុងការចុះឈ្មោះស្វែងរក ការងារ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមជម្រាបជូនថា ស.ស.យ.ក. មានគោលដៅចូលរួមចំណែកអភិវឌ្ឍវិស័យការងារ វិជ្ជាជីវៈ និងសេដ្ឋកិច្ចឌីជីថល សម្រាប់អនាគតប្រកបដោយចីរភាព ជាពិសេសមានបំណងចូលរួមគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់ សេវាការងារ និងព័ត៌មានទីផ្សារការងារឱ្យកាន់តែទូលំទូលាយ ដើម្បីធានាថា យុវជនទូទាំងរាជធានី ខេត្ត គ្រប់កម្រិត ជំនាញ អាចទទួលបាននូវព័ត៌មានទាក់ទងវិស័យការងារ និងមានឱកាសបានចូលរួមវគ្គបណ្តុះបណ្តាលនានា។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងសហការរៀបចំទីតាំងបង្កើត ការិយាល័យអាជីព និងការងារ នៅទីស្នាក់ការ របស់ស.ស.យ.ក. គ្រប់រាជធានី-ខេត្ត ដោយអនុញ្ញាតឱ្យដាក់សញ្ញាសម្គាល់ របស់ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នៅទីតាំងសមស្រប, ផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក សមាជិកា នៃ ស.ស.យ.ក និងយុវជនទូទៅ ជាពិសេស យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនិងសម្របសម្រួល ក្នុងការចុះឈ្មោះចូលរៀនតាមប្រព័ន្ធឌីជីថលដល់យុវជនជាសមាជិកស.ស.យ.ក. យុវជនទូទៅ និងយុវជន, សម្រប សម្រួលការចុះឈ្មោះស្វែងរកការងារ និងណែនាំអំពីអាជីព ជាពិសេសក្រោយទទួលបានការបណ្តុះបណ្តាលជំនាញ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារដែលមានតម្រូវការ ជូនដល់ យុវជន ដែលជាក្រុមគោលដៅ និងរៀបចំរបាយការណ៍បូកសរុបការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ នៅតាមទីស្នាក់ការ ស.ស.យ.ក.ពាក់ព័ន្ធ រួចផ្ញើទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

Comments

Related posts