កម្ពុជា-ជប៉ុន ស្វះស្វែងរកឱកាសពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពជំនាញ

វិទ្យុជាតិកម្ពុជា៖

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គាណុរបស់ប្រទេសជប៉ុន ដោយពិភាក្សាផ្តោតជាសំខាន់លើការស្វែងរកឱកាសពង្រីកទីផ្សារការងារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារតែទំនាក់ទំនងនយោបាយរបស់កម្ពុជា និងជប៉ុនបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទើបបើកឱកាសឱ្យមានកិច្ចសហប្រតិបត្តិការផ្សេងៗ ក៏ដូចជាឱកាសនៃការពង្រីកទីផ្សារការងាររវាងកម្ពុជា-ជប៉ុនផងដែរ។

ជាមួយគ្នានោះ លោក ស្យូយិ សាសាគិ បានលើកឡើងថាជប៉ុននាពេលបច្ចុប្បន្នកំពុងបើកចំហកាន់តែធំទូលាយលើកិច្ចសហប្រតិបត្តិការវិស័យការងារដែលបានអនុញ្ញាតដល់ពលរដ្ឋរបស់ប្រទេសក្នុងកិច្ចសហប្រតិបត្តិការឱ្យទទួលបានការណ្តុះបណ្តាលសមត្ថភាពជំនាញលើបច្ចេកទេសទំនើបៗរបស់ជប៉ុន។ 

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានយល់ឃើញដូចគ្នាថា ការពង្រឹងជំនាញបច្ចេកទេសរបស់ប្រជាពលរដ្ឋជាកត្តាគន្លឹះសំខាន់មួយក្នុងកិច្ចសហការដែលកម្ពុជាចង់បាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសមាណចិត្តរីករាយ និងថ្លែងអំណរគុណ ចំពោះភាគីជប៉ុនដែលមានបំណងបណ្តុះបណ្តាលជំនាញបច្ចេកទេសទំនើបៗដល់កម្ពុជាដើម្បីពង្រឹងផលិតភាពការងារ។

ចំណែកភាគីជប៉ុនវិញ ក៏បានគូសបញ្ជាក់ និងថ្លែងអំណរគុដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានទុកចិត្ត និងបន្តកិច្ចសហការជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនជប៉ុន។ 

ជុំវិញនៃការស្វែងរកឱកាសពង្រីកទីផ្សារការងារ និងការពង្រឹងសមត្ថភាពជំនាញរវាងកម្ពុជា-ជប៉ុន ឯកឧត្តមរដ្ឋមន្ត្រី អះអាងថាភាគីកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រកិច្ចសហការឱ្យដំណើរការដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា៕photo_2024-03-29_15-59-23photo_2024-03-29_15-59-24photo_2024-03-29_15-59-28photo_2024-03-29_15-59-25

Comments

Related posts