រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកឡើងនូវធាតុផ្សំសំខាន់ចំនួន៣ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៤ ២០២៤

IMG_6371

IMG_6368

IMG_6370

IMG_6369

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងនូវធាតុផ្សំសំខាន់ចំនួន៣ ដើម្បីសម្រេចកំណើនប្រកបដោយបរិយាបន្ន រួមមានការអភិវឌ្ឍមូលធនមនុស្ស ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការចាប់យកបច្ចេកវិទ្យាឌីជីថល។ 
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ទស្សនទានស្តីពីតួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្នសម្រាប់តំបន់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមេសា ដើម្បីផ្តល់ជាវេទិកាស្វែងរកយុទ្ធសាស្រ្ត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាប្រយោជន៍ដល់គ្រប់ផ្នែកនៃសង្គម។
ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យា ជាកាតាលីករដើម្បីជំរុញកំណើនប្រកបដោយបរិយាបន្ននៅក្នុងតំបន់។ ជាមួយគ្នានេះ ក៏បានលើកឡើងពីតម្រូវការនៃការវិនិយោគជាយុទ្ធសាស្រ្តក្នុងការតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីទាញយកសក្តានុពលដែលមិនទាន់បានប្រើប្រាស់ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចអាស៊ានដែលមានភាពចម្រុះ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «តាមរយៈការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) សហគ្រិនភាព និងការផ្ទេរបច្ចេកវិទ្យា យើងអាចបង្កើតបរិយាកាសមួយដែលប្រែក្លាយគំនិតទៅជាការរីកចម្រើនជាក់ស្តែង និងបង្កើតដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមក្នុងសង្គមរបស់យើង។ មិនថាក្នុង  វិស័យសុខាភិបាល អប់រំ កសិកម្ម ឬផលិតកម្មទេ បច្ចេកវិទ្យាមានសក្តានុពលក្នុងការធ្វើបរិវត្តកម្មវិស័យទាំងនោះ និងធ្វើឱ្យជីវិតមនុស្សរាប់លាននាក់នៅទូទាំងតំបន់អាស៊ានកាន់តែប្រសើរឡើង»។
ឯកឧត្តម បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការអប់រំស្ទែម (STEM) លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដូចជាបញ្ញាសិប្បនិម្មិត (AI), Cloud Computing និង Internet of Things ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យភាគីពាក់ព័ន្ធចាប់យកនវានុវត្តន៍ សហការគ្នា និងបង្កើតការតភ្ជាប់ ដើម្បីកសាងអនាគតរួមមួយ ដែលពលរដ្ឋអាស៊ានគ្រប់រូបមានឱកាសរីកចម្រើន និងរួមចំណែកដល់ភាពរុងរឿងនៃសហគមន៍នេះ។
សូមបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។ កម្ពុជាក៏បានរៀបចំផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០៣០ ក្នុងគោលដៅជំរុញបរិវត្តកម្មសេដ្ឋកិច្ច និងនវានុវត្តន៍ ដើម្បីប្រែក្លាយកម្ពុជាឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «បញ្ញាសិប្បនិម្មិត៖ ដំណើរផ្លូវនាអនាគត»។ ព្រឹត្តិការណ៍នេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់រដ្ឋជាសមាជិកអាស៊ាន ដើម្បីផ្លាស់ប្តូរគំនិត និងយុទ្ធសាស្រ្តប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការអភិវឌ្ឍក្នុងប្រទេសនីមួយៗ និងក្នុងតំបន់ទំាងមូល៕

Comments

Related posts