ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥លាននាក់៖ សិក្ខាកាមចាប់ផ្តើមចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់

វិទ្យុជាតិកម្ពុជា៖

វិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសផ្តើមបញ្ជូនសិក្ខាកាមសិក្សាជំនាញរបស់ខ្លួនចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពលើការអនុវត្តផ្ទាល់ ផ្សារភ្ជាប់ជាមួយការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់។ ការចុះកម្មសិក្សានេះបន្ទាប់ពីសិក្ខាកាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសបានជាង៣ខែរួចមកហើយ ចាប់តាំងពីការបើកបវេសនកម្មវិធីសិក្សានេះកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
 
នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  លោក យ៉ោក សុទ្ធី បានលើកឡើងថា៖«វិទ្យាស្ថានខ្ញុំបានបញ្ជូនសិក្ខាកាមដែលកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន និងការដ្ឋានរួចរាល់ហើយកាលពីពេលថ្មីៗនេះ»។
 
នាយកវិទ្យាស្ថានរូបនេះបានគូសបញ្ជាក់ថា ការចុះកម្មសិក្សាគឺមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះការចុះកម្មសិក្សាគឺជាការផ្សារភ្ជាប់ទៅនឹងមេរៀនដែលបានសិក្សានៅក្នុងថ្នាក់ ហើយកម្មសិក្សាក៏ជាផ្នែកមួយលើការពង្រឹងសមត្ថភាពបន្ថែមពីលើការអនុវត្តនៅរោងជាងដែលមានស្រាប់នៅក្នុងវិទ្យាស្ថានផងដែរ។ 

លោកនាយកវិទ្យាស្ថានបន្ថែមថា មាន៣ចំណុចសំខាន់នៅពេលចុះកម្មសិក្សា ទី១ សិក្ខាកាមអាចពិនិត្យបរិស្ថានការងារនៅជុំវិញខ្លួនដែលជាក្រុមហ៊ុនឯកជន ទី២ សិក្ខាកាមអាចហាត់ការផ្ទាល់ជាមួយក្រុមហ៊ុនឯកជន ទី៣ សិក្ខាកាមមានឱកាសជ្រើសរើសធ្វើការនៅក្រុមហ៊ុនឯកជននោះតែម្តងបន្ទាប់ពីហាត់ការរួច។ 

ទន្ទឹមនេះ នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជិន តារ៉ា ក៏បានលើកឡើងដែរថា៖«ការចុះកម្មសិក្សាពិតជាមានសារសំខាន់ណាស់សម្រាប់សិក្ខាកាមសិក្សាជំនាញ ហើយវាក៏ជាឱកាសសិក្សាមួយសំខាន់បន្ថែមពីលើការអនុវត្តដែលមានស្រាប់នៅក្នុងថ្នាក់»។ 
លោកបន្ថែមថា ក្រុមហ៊ុនឯកជននឹងធ្វើការជ្រើសរើសសិក្ខាកាមចុះកម្មសិក្សាទាំងឡាយណាដែលមានឥរិយាបទការងារល្អអំឡុងពេលហាត់ការ ចូលធ្វើការជាបុគ្គលិកក្រុមហ៊ុននោះពេញសិទ្ធិផងដែរ។ ដូច្នេះសិក្ខាកាមដែលចុះកម្មសិក្សាត្រូវតែធ្វើយ៉ាងណាខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីទាក់ចិត្តក្រុមហ៊ុនឯកជននោះ។ 

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមបាននិងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី១បានជាង៣ខែដោយរលូន។ វិទ្យាស្ថានបណ្តុះបណ្តាលមួយចំនួនបានចាប់ផ្តើមឱ្យសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជនផ្សេងៗដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តនៅតាមសាលាបណ្តុះបណ្តាលផងដែរ៕photo_2024-04-03_10-40-52photo_2024-04-03_10-40-40photo_2024-04-03_10-40-02photo_2024-04-03_10-39-49photo_2024-04-03_10-39-42photo_2024-04-03_10-39-35photo_2024-04-03_10-39-27

Comments

Related posts