ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់សិប្បកម្មផលិតស្រាសស្រាថ្នាំ ត្រូវបង្កើនការប្រុង ប្រយ័ត្នខ្ពស់លើបច្ចេកទេសនៃការផលិត

 

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ០៣/០៤/២០២៤

IMG_6423

IMG_6427

IMG_6434

IMG_6433

IMG_6431

IMG_6435

 

កំពត៖ ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ  និងគោលការណ៍ណែនាំពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព ទៅកាន់ម្ចាស់សិប្បកម្មផលិត ស្រា និងអាជីវករលក់ស្រាស-ស្រាថ្នាំ និងភាគីពាក់ព័ន្ធ ដែលស្ថិតនៅក្នុងខេត្តកំពតមានចំនួនប្រមាណ ២០០នាក់។

ក្នុងគោលបំណងនៃការផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នក ប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពនេះ គឺដើម្បីធានាបាននូវការទប់ស្កាត់ម្ហូបអាហារដែលគ្មានសារធាតុគីមីហាមឃាត់ គ្មានសារធាតុគីមីលើសកម្រិតអនុញ្ញាត និងគ្មានមេរោគបង្កឱ្យមានគ្រោះដល់សុខភាពមនុស្សជាដើម។ 

ជុំវិញរឿងនេះ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការ៊ក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តកំពត រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយ សុវត្ថិភាព ក្រោមអធិបតីភាព លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ពេញ ធារម្យ អភិបាលរងនៃអភិបាលខេត្តកំពត។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនេះ លោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានលើកឡើងថា គោលបំណងនៃសិក្ខាសាលានាព្រឹកនេះ គឺដើម្បីផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព។

លោក ង៉ែត ចេក បានលើកឡើងថា មនុស្សគ្រប់រូបត្រូវទទួលទានម្ហូបអាហារដែលមានអាហាររូបត្ថម្ភគ្រប់គ្រាន់ និងមានសុវត្ថិភាព ដែលម្ហូបអាហារទាំងនោះគ្មានសារធាតុគីមីហាមឃាត់ គ្មានសារធាតុគីមីលើសកម្រិតអនុញ្ញាត និងគ្មានមេរោគបង្កគ្រោះដល់សុខភាព។ ពាក់ព័ន្ធនឹងការផលិតស្រាវិញកន្លងមក ករណីពុលស្រាបានកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមបណ្ដាខេត្ត ដែលបង្កឱ្យប្រជាពលរដ្ឋមួយចំនួនរងផលប៉ះពាល់ដល់សុខភាព និងមួយចំនួនទៀតបានរងគ្រោះដល់អាយុជីវិតទៀតផង។ ទាំងអស់នេះ គឺបណ្ដាលមកពីការខ្វះការយល់ដឹងអំពីលក្ខណៈបច្ចេកទេស នៃការផលិតស្រារបស់បងប្អូនជាម្ចាស់សិប្បកម្មមួយចំនួនតូច។ 

ជាមួយគ្នានេះដែរ លោក  ពេញ ធារម្យ អភិបាលរងនៃអភិបាលខេត្តកំពត ក៏បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្តកំពត សូមសម្ដែងនូវការកោតសរសើរដោះស្មោះ និងសូមអរគុណចំពោះថ្នាក់ ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាព្រឹកនេះ។ 

លោកបានបន្ថែមថា សិក្ខាសាលាផ្សព្វផ្សាយនេះពិតជាមានសារៈសំខាន់ណាស់ដល់សិប្បករ អាជីវករ អ្នកផលិត និងអ្នកកែច្នៃផលិតផលគ្រប់ប្រភេទ ក្នុងការពង្រឹងសមត្ថភាព និងជំរុញការលក់ផលិតផលរបស់ខ្លួនចូលក្នុងទីផ្សារ។ ឯកឧត្ដមក៏បានណែនាំដល់សិប្បករ អាជីវករទាំងអស់ ឱ្យប្រឹងប្រែងក្រេបយកចំណេះដឹងពីអង្គសិក្ខាសាលានេះ ដើម្បីពង្រឹងនូវការផលិតក្នុងខេត្តកំពត កាន់តែមានគុណភាពឈានដល់ការប្រកួតប្រជែងជាមួយផលិតផលនាំចូល។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីតំណាងអយ្យការសាលាដំបូងខេត្ត តំណាងមន្ទីរពាក់ព័ន្ធជុំវិញ តំណាងក្រុមប្រឹក្សាស្រុក-ក្រុង-សង្កាត់ ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងអាជីវករលក់ស្រាស-ស្រាថ្នាំ ក្នុងខេត្ត ប្រមាណ ២០០នាក់។

សូមរំលឹកដែរថា កន្លងមកនេះសិក្ខាសាលាផ្សព្វផ្សាយនេះ គឺអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានសហការរៀបចំជាមួយរដ្ឋបាលចំនួន ៥ មកហើយ គឺខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តតាកែវ ហើយព្រឹកនេះគឺជាខេត្តកំពត ជាខេត្តទី៦ ដែលរៀបចំសិក្ខាសាលានេះ៕

Comments

Related posts