សម្ដេចតេជោ ហ៊ុន សែន ជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ខណៈដែលឯកឧត្ដម ប្រាក់ សុខុន ជាអនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២

 

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៣ ០៤ ២៤

IMG_6437

(ភ្នំពេញ)៖ សមាជិកសមាជិកាព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ព្រឹទ្ធសភា ក្នុងសំឡេងគាំទ្រចំនួន៦២លើ៦២សំឡេង  ខណៈដែល ឯកឧត្ដម ប្រាក់សុខុន ជាប់ជា  អនុប្រធានទី១ និងឯកឧត្ដម អ៊ុច បូររិទ្ធ ជាអនុប្រធានទី២ ព្រឹទ្ធសភា។

ការបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនព្រឹទ្ធសភានេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០២៤នេះ  ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានប្តេជ្ញាចិត្តខិតខំបំពេញការងារក្នុងនាមជាប្រធានព្រឹទ្ធសភា នីតិកាលទី៥នេះ ឱ្យបានល្អជោគជ័យ និងនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ។ 

ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបានរៀបចំបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន គណបក្សនយោបាយចំនួន៤ចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ ហើយគណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ ។

សូមបញ្ជាក់ថា សមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ មានចំនួន៦២រូប ដោយ៥៨រូបកើតចេញពីការ បោះឆ្នោតអសកល ខណៈដែលពីរូបចាត់តាំងដោយព្រះមហាក្សត្រ និងពីររូបទៀតជ្រើសតាំងដោយ រដ្ឋសភា ក្នុងសំឡេងភាគច្រើន។ 

សម្រាប់នីតិកាលទី៥នេះ សមាជិកព្រឹទ្ធសភាពីរអង្គ ដែលចាត់តាំងដោយព្រះមហាក្សត្ររួមមាន៖ សម្តេច រាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិធម្មិកោ ហើយសមាជិកព្រឹទ្ធសភា ពីររូប ជ្រើសតាំងដោយរដ្ឋសភារួមមាន៖ លោក សុខ ឥសាន និងលោក ហេង ហាលីម៕

Comments

Related posts