ស្រូវមិត្ដក្រៀលចំនួន២៦០តោន គម្រោងទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ

 

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី ១៤ ០៤ ២៤ 

IMG_7860

IMG_7860

IMG_7866

IMG_7867

IMG_7868

IMG_7870

 

MC: ស្រូវមិត្ដក្រៀលចំនួន២៦០តោន គម្រោងទិញពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារ ដែលបានជួយសម្រួលជីវភាព បងប្អួនប្រជាកសិករនៅសហគមន៍ការពារទេសភាពអន្លង់ព្រីង ក្នុងគោលដៅការពារនិងអភិរក្សធនធានធម្មជាតិជីវៈចម្រុះ។  

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា ក្រោយពីបញ្ចប់ការច្រូតកាត់ឆ្នាំ២០២៤នេះមានកសិករចំនួនជាង១០០គ្រួសារបានលក់ស្រូវរបស់គាត់ចំនួនប្រមាណជា២៦០តោន លក់ជូនគម្រោងក្នុងតម្លៃខ្ពស់ជាងទីផ្សារ និងមួយចំនួនទុកសម្រាប់បរិភោគដែលបានជួយសម្រួលជីវភាពបងប្អួនប្រជាកសិករនៅតំបន់នេះឱ្យជីវភាពកាន់តែល្អប្រសើរជាងមុន ដោយទទួលបានប្រាក់ចំណូលប្រហែលជា៥ម៉ឺនដុល្លារអាមេរិក។

លោកបានបន្តថា គោលដៅនៃការដាំដុះស្រូវមិត្តសត្វក្រៀលប្រជាកសិករត្រូវគោរពលក្ខខណ្ឌចំនួន១២ចំណុច និងអនុវត្តតាមវិធីសាស្រ្តកសិកម្មបែបធម្មជាតិដោយកាត់បន្ថយការប្រើប្រាស់ថ្នាំ និងជីគីមីជាអតិបរមា ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះជាពិសេសសត្វក្រៀល។  បន្ថែមពីលើនេះ កសិករផលិតស្រូវមិត្តក្រៀលបានបន្សល់ស្រូវក្នុងស្រែចាប់ពី៥ទៅ៥០ភាគរយដើម្បីទុកជាចំណីរបស់សត្វក្រៀល។ ដោយឡែកស្រូវដែលបានដាំដោយកសិករសហគមន៍ស្រូវមិត្តក្រៀលត្រូវ បានទទួលទិញដោយតម្លៃខ្ពស់ជាងទីផ្សា៥ភាគរយ។

«ជាមធ្យមតាមការវិភាគរបស់យើងឃើញថា មួយហិកតា២តោនដែលគាត់កាត់បន្ថយសារធាតុគីមី ដោយប្រើជីសរីរាង្គគឺបានមួយហិកតា២តោនទិន្នផលមធ្យមដែលយើងរកឃើញហើយយើងសង្ឃឹមថា ទិន្នផលនឹងមានការកើនឡើងទៅមុខ ទៀតពីព្រោះដីរបស់គាត់មិនប្រើជីគីមីងាយមកប្រើជីធម្មជាតិវានឹងល្អបន្តិចម្តងៗទៅចាប់ឆ្នាំទីបួនទីប្រាំទៅទទួលបានទិន្នផលជាងហ្នឹងទៀត។មួយវិញទៀតយើងនឹងផ្សព្វផ្សាយពីគម្រោងស្រូវមិត្តក្រៀលគឺជាការចូលរួមដោយស្ម័គ្រចិត្តហើយគាត់និងវិភាគមើលទៅផល ប្រយោជន៍ដែលទទួលបាន និយាយគាត់ឱ្យចូលរួមហើយយើងនិងស្វាគមន៍ឱ្យគាត់ចូលរួមបន្ថែមទៀត »។

លោកបានបន្ថែមថា ដោយមើលឃើញពីផលប៉ះពាល់ទៅដល់ធនធានធម្មជាតិជីវៈចម្រុះ ក៏ដូចជាការកាប់រានទន្រ្ទានយកដី និងការបរបបាញ់សត្វព្រៃខុសច្បាប់នោះបានជាអង្កការរកវិធីសាស្រ្តសហការជាមួយមន្ទីរបរិស្ថានខេត្ត រួមជាមួយដៃគូពាក់ព័ន្ធបានបង្កើតកម្មវិធីនេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ការពារចូលរួមជាមួយគម្រោងផលិតស្រូវមិត្តសត្វក្រៀលក្នុងការចូលរួមអភិរក្សសត្វក្រៀលដែលជាសត្វដែលកំពុងឈានទៅរកការជិតផុតពូជផងដែរ។

ជាមួយគ្នានោះលោកអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរជួយគំាទ្រការអភិរក្សសត្វក្រៀលនិងបង្កើនជីវភាពរបស់សហគមន៍ដោយគ្រាន់តែបរិភោគអង្ករមិត្តក្រៀល។ ហើយអង្ករមិត្តក្រៀលមានលក់នៅ NHAM24 និងអាចបញ្ជាទិញបានតាមរយៈទូរស័ព្ទ 078 732 240 ។ អង្ករមិត្តក្រៀលគឺជាកសិផលដែលគិតគូរដល់ប្រព័ន្ធអេកូឡូស៊ី ផ្តល់ចំណីបន្ថែមដល់សត្វក្រៀល និងជាអង្ករដែលផ្តល់សុវត្ថិភាពសំរាប់មនុស្ស។

សូមជម្រាបថា គម្រោងស្រូវមិត្តសត្វក្រៀលទទួលបានមូលនិធិ Keidanren Nature Conservation Fund ដែលបានគាំទ្រហិរញ្ញវត្ថុដល់គម្រោងសហគមន៍ស្រូវមិត្តសត្វក្រៀលនេះតាមរយៈអង្គការជីវិតធម្មជាតិនៅកម្ពុជា។ គម្រោងសហគមន៍ស្រូវមិត្តក្រៀលនៅតំបន់អន្លង់ព្រីងសហការអនុវត្តដោយក្រសួងបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការCRDT៕

Comments

Related posts