ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ នៅក្នុងខែកក្កដាខាងមុខ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០៤ ២០២៤

IMG_8713

IMG_8716

IMG_8714-1

IMG_8715-1

IMG_8711-1

IMG_8712

IMG_8710

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រសួងបរិស្ថានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការ ក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញនិងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះ នៅតាម គេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ 
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមថា ការរៀបចំព្រឹត្តិការនេះ ឆ្លើយតបទៅនឹងកម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រា     វិស័យ បរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតប ទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារ ថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និង មានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ចំនួន ៦០% នៅឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានរាជធានី ខេត្ត ទាំងអស់ បានបណ្តុះកូនឈើគ្រប់ប្រភេទ ត្រៀមចែកជូនប្រជាពលរដ្ឋយកទៅដាំ បានចំនួនជាង ១លានដើមរួចហើយ ដោយឡែកឯកឧត្តមផ្ទាល់នឹងផ្តល់ជូនកូនត្នោតចំនួន ជាង៣០ម៉ឺនដើមបន្ថែមទៀត សម្រាប់យុទ្ធនាការបៃតងកម្ពុជា ដែលកំណត់យកការដាំកូនឈើយ៉ាងតិច១លានដើម ចាប់ពីឆ្នាំ២០២៤។
សូមបញ្ជាក់ថា ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញផងដែរ លើការដំាស្តារព្រៃឈើ ក្នុងតំបន់រេចរឹល នៃតំបន់ការពារធម្មជាតិ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តី ឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្ត ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ ខ្លួន ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត ដោយបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ ពាក់ព័ន្ធ ជាអាទិ៍៖ ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាសហគន៍ នៅមូលដ្ឋានទាំងអស់ សម្រាប់ការអនុវត្តសកម្មភាពវិស័យបរិស្ថាន យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ពិសេសការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ឱ្យសម្រេចបាន ជោគជ័យដ៏ឧត្តុង្គឧត្តមជូនរាជរដ្ឋាភិបាលកម្ពុជា និងសង្គមជាតិយើង៕

Comments

Related posts