កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយពិភពលោក ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ៤ ២០២៤

IMG_9251-2

IMG_9252-1

IMG_9253-1

ភ្នំពេញ ៖ កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយពិភពលោក តាមរយៈការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥។

តាមរយៈសារលិខិត ក្នុងឱកាស ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្តី សោមនស្សរីករាយ និងសូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធ ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រ យុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ដើម្បីជំរុញ និងលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍរួមគ្នាពន្លឿនការអនុវត្តសកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យសម្រាប់ប្រទេសកម្ពុជាគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០។
សម្តេចធិបតីបានឱ្យដឹងថា បើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយីដល់អាយុជីវិតមនុស្សគ្រប់ពេល និងបានធ្វើឱ្យខាតបង់ផលិតភាពយ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជាក៏ដោយ ក៏ប្រទេសកម្ពុជាបាននិងកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រ ការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ តាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាប្រកបដោយ បញ្ញាញាណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងបរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរនិងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និងការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មាន ត្រឹមតែ ១ ៣៨៤ ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន៕

Comments

Related posts