ឯកឧត្តមលី ធុជ ធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកោះម៉ាសាល់ ប្រចាំប្រទេសហ្វីជី ដើម្បីស្នើសុំឱ្យកោះម៉ាសាល់ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា

វិទ្យុជាតិកម្ពុជា៖

(បាងកក, ថៃ) ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើជំនួបក្រៅផ្លូវការជាមួយ ឯកឧត្តម Junior Aini ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកោះម៉ាសាល់ ប្រចាំប្រទេសហ្វីជី ដែលបានដឹកនាំគណៈប្រតិភូចូលរួមសន្និបាតប្រចាំឆ្នាំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ  (UN-ESCAP)។

ក្នុងជំនួបក្រៅផ្លូវការនេះ ឯកឧត្តមបណ្ឌិត លី ធុជ  បានស្នើសុំឱ្យប្រទេសដីកោះម៉ាសាល់ ពិនិត្យលទ្ធភាព និងពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធានអនុសញ្ញាឆ្នាំ២០២៤។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញគណៈប្រតិភូនៃកោះម៉ាសាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ 

ជាការឆ្លើយតប ឯកឧត្តម Junior Aini នឹងលើកយកសំណើរបស់កម្ពុជា ដាក់ជូនរាជរដ្ឋាភិបាលកោះម៉ាសាល់ ដើម្បីពិនិត្យ និងពិចារណាលើការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ នេះ៕photo_2024-04-24_08-57-09photo_2024-04-24_08-57-13

Comments

Related posts