ដំណាំ៥ប្រភេទកំពុងមានសក្តានុពលខ្លាំងនៅក្នុងខេត្តឧត្តរមានជ័យ

វិទ្យុជាតិកម្ពុជា លោកអេង យូ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

IMG_8822

IMG_8826

IMG_8829-1

IMG_8828-1

IMG_8823

IMG_8824-1

IMG_8827-1

IMG_8825-1

MC. មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបញ្ជាក់ថា ដំណាំមានសក្តានុពល៥ប្រភេទ កំពុងមានការពេញនិយមដាំដុះ ពីកសិករក្នុងខេត្ត និងមានតម្រូវការទីផ្សារនាំចេញល្អប្រសើរ។ 
 
  លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ប្រជាកសិករក្នុងមូលដ្ឋាននេះប្រមាណ៩០ភាគរយ បានពឹងអាស្រ័យលើវិស័យកសិកម្ម ខណៈផ្ទៃដីដាំដុះក្នុងទូទាំងខេត្ត មានប្រមាណជាង៣០ម៉ឺនហិកតា។ លោកថា ដោយសារទីតាំងភូមិសាស្ត្រ មានអំណោយផលល្អពីធម្មជាតិ ធ្វើឱ្យដំណាំសំខាន់ៗ៥ ប្រភេទមានសក្តានុពលខ្លាំង ដែលកសិករនិយមដាំដុះ និងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន មានដូចជា៖ ដំណាំស្រូវ ចំនួនប្រមាណ១០ម៉ឺនហិកតា ដំឡូងមី ប្រមាណ៧ម៉ឺនហិកតា ស្វាយចន្ទី ប្រមាណ២ម៉ឺនហិកតា ស្វាយកែវរមៀត ប្រមាណ២ម៉ឺនហិកតា និងដំណាំកៅស៊ូ ប្រមាណ១៨,០០០ហិកតា។
លោកបន្តថា  ដើម្បីជំរុញការងារដាំដុះ បង្កើនផលដំណាំទាំងនោះទទួលបានទិន្នផលល្អ ការលក់ចេញមានតម្រូវការល្អ មន្ទីរបានយកចិត្តទុកដាក់ជាខ្លាំង ទៅលើបច្ចេកទេសដំាដុះ ការជ្រើសរើសពូជ និងចងក្រងជាសហគមន៍កសិកម្ម ដើម្បីឱ្យការលក់ចេញមានដំណើរការល្អមិនមានបញ្ហាប្រឈម។
ដោយសារភូមិសាស្ត្រយើងនេះតំបន់ទំនាបកសិករយើងគាត់ផលិតស្រូវ ហើយតំបន់ទួលគឺតំបន់ដីខ្ពស់ កសិករគាត់ដាំដំឡូងមី ស្វាយចន្ទី និងស្វាយកែវរមៀត ហើយជាទូទៅយើងខិតខំចងក្រងជាសហគមន៍ ដើម្បីរៀបក្រុមកសិករឱ្យគាត់ផលិតជុំគ្នា ហើយការផ្តល់បច្ចេកទេសទៀតយើងប្រមូលផ្តុំក្រុមជាសហគមន៍ អ្វីជាតម្រូវការកសិករ តម្រូវការសហគមន៍ គាត់ត្រូវការគាត់ចង់ឱ្យជួយអីយើងធ្វើបានលឿន សហគមន៍ខ្លះមានដល់៥០០នាក់នោះ ហើយទាមទារឱ្យមានការបណ្តុះបណ្តាល អ្វីជាតម្រូវការគាត់ស្នើមកយើងជួយ។ អ្វីដែលយើងគិតគូរបន្តបន្ទាប់ គឺការខិតខំផលិតពូជ យើងចង់ឱ្យកសិករយើងដាំទៅធានាថាពូជដែលយកទៅប្រើប្រាស់ក្នុងសហគមន៍ជាពូជល្អ ស្រូវក៏អ៊ីចឹងដែរ យើងខិតខំផលិតពូជ ផ្ការំដួលយើងមានក្រុមផលិតពូជ ហើយស្រូវស្រាលក៏យើងខិតខំផលិតពូជ ដើម្បីឱ្យឆ្លើយតបនឹងតម្រូវការពលរដ្ឋ ចៀសវាងឱ្យកសិករដាំទៅប្រើពូជប៉ុន្មានឆ្នាំ ប៉ុន្មានជំនាន់ធ្វើឱ្យទិន្នផលធ្លាក់ចុះ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានណែនាំឱ្យកសិករនៅក្នុងខេត្ត ត្រូវខិតខំឈ្វេងយល់ និងទទួលយកនូវបច្ចេកទេសថ្មីៗ ដែលមន្ទីរបានផ្តល់ជូន ឬចែករំលែក ដើម្បីឱ្យដំណើរ ការដាំដុះកាន់តែទទួលបានទិន្នផលល្អ ស្របតាមតម្រូវការទីផ្សារ ខណៈបច្ចុប្បន្នអាកាសធាតុក៏មានការប្រែប្រួលជាខ្លាំង៕

Comments

Related posts