សម្តេចធិបតី ណែនាំរៀបចំចងបដាពាក្យស្លោក នៅតាមអង្គភាពនិងទីសាធារណៈ ដើម្បីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៤ ២០២៤

IMG_9439

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ រៀបចំចងបដាពាក្យស្លោក នៅតាមអង្គភាពនិងទីសាធារណៈ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះ  បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្នុងគោលបំណងផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាលនិងផ្នែកឯកជន ឱ្យបានយល់អំពីសារៈសំខាន់ នៃការអប់រំ បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និង ធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ហៅថា ធីវេត (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹង តម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។
សម្តេចធិបតី បានបន្តថា ដើម្បីឱ្យការរៀបចំទិវាជាតិនេះ ប្រព្រឹត្តទៅដោយរលូនប្រកបដោយភាព   អធិកអធម រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ក្រសួងការងារ ត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និង ត្រូវផលិតជាវីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ នៅទូទាំងប្រទេស។ បន្ថែមពីនោះទៀត ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការ គាំទ្រនិងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បី អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ តាមអង្គភាព រៀងៗខ្លួន។
សម្តេចធិបតី បានបន្តទៀតថា  រដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមសហការនិងគាំទ្រដល់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤នេះ ឱ្យកាន់តែផុលផុសនិងតាមគ្រប់មធ្យោបាយ ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់ ការចងបដាពាក្យស្លោក នៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។ បន្ថែមពីនោះទៀត រដ្ឋបាលខេត្ត នីមួយៗត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ដោយមាន ការចូលរួមពីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ ឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនា លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និង គ្រឹះស្ថាននានា ផងដែរ។
សម្តេចធិបតី បានបន្ថែមថា ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញ សារព័ត៌មានសង្គមនានា រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀត ឱ្យធ្វើការ ផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា វីដេអូនិងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ។
ចំណែកឯ ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្តត្រូវរៀបចំចងបដាពាក្យស្លោក នៅតាម អង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចជា អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤, TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ! ,សម្តេចធិបតី ផ្តល់ឱកាសថ្មីលើវិថី TVET! សម្តេចធិបតី ជាក្តីសង្ឃឹមរបស់យុវជនគ្រប់រូប , សម្តេចធិបតី តម្រង់ទិស យុវជន ឱ្យរៀនជំនាញមានទីផ្សារការងារល្អ! , TVET ជាស្ពានចម្លងយុវជនឱ្យឆាប់ទទួលបានការងារ សមរម្យ! ,TVET ដើម្បីនិរន្តរភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ! ,TVET បង្កើនផលិតភាពការងារនិង ភាពប្រកួតប្រជែងខ្ពស់ ,TVET ជំនាញពិត ជីវិតប្រសើរ ,ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិច ប្រចាំជីវិត! និងស្ត្រីនិងជនជាតិដើមភាគតិចក៏រៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈបានដែរ៕

Comments

Related posts