ទិន្នផលត្រីនៅតាមស្រះសហគមន៍ក្នុងឧត្តរមានជ័យបានកើនឡើង ដោយសារបទល្មើសបានថយចុះ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

IMG_9442

IMG_9440

IMG_9449

IMG_9444-1

IMG_9448

IMG_9445

MC. ទិន្នផលត្រីនៅក្នុងខេត្តឧត្តរមានជ័យ ហាក់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការជំរុញឱ្យ ប្រជាសហគមន៍ចូលរួមអភិរក្សស្រះជម្រកត្រីមេពូជ និងការទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ។

លោក មុំ សាយ័ន នាយករងខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ខណ្ឌរដ្ឋបាលជលផលមានស្រះចំនួន៦ សម្រាប់ចិញ្ចឹមត្រីមេពូជ និងបង្កាត់ពូជត្រីចំនួន៤ប្រភេទ មានត្រីប្រា ត្រីឆ្ពិន ត្រីអណ្តែង និងត្រីទីឡាបយ៉ា។ លោកថា ក្នុងមួយឆ្នាំៗកូនត្រីរាប់ម៉ឺនកូនត្រូវបានបង្កាត់ ជាក់ស្តែងកូនត្រីអណ្តែង ចន្លោះពី១០ម៉ឺនទៅ ១៥ម៉ឺនកូន ត្រូវបានបង្កាត់ ជារៀងរាល់ឆ្នាំ សម្រាប់លែងនៅតាមស្រះសហគមន៍ បង្កើនទិន្នផលត្រី និង ចែកជូនប្រជាពលរដ្ឋ យកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ។ 
លោកបានបន្តថាទៀតថា នៅក្នុងខេត្តឧត្តរមានជ័យ មានស្រះសហគមន៍ជាជម្រកត្រីចំនួនជាង២០ស្រះ ដោយក្នុងមួយសហគមន៍មានប្រជាពលរដ្ឋពឹងអាស្រ័យមិនទាបជាង២ឬ៣ភូមិឡើយ។ តាមរយៈការសង្កេតនិងស្រង់ទិន្ន័យតាមតំបន់នីមួយៗឃើញទិន្នផលត្រីបានកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយពេលមន្ទីរបានធ្វើការអភិវឌ្ឍសហគមន៍ ដោយបំផុសឱ្យប្រជាសហគមន៍ចូលរួមអភិរក្ស និង ថែរក្សា។ លោកថា ទាំងនេះក៏ដោយសារប្រជាពលរដ្ឋមានការយល់ដឹងអំពីសារសំខាន់នៃធនធានជលផល បានចូលរួមលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសម៉ាស៊ីនឆក់ត្រីជាដើម។
 គាត់ជួយការពារនិងលុបបំបាត់ម៉ាស៊ីនឆក់ឱ្យបាន ជាពិសេសម៉ាស៊ីនឆក់និងលូស្បៃមុង ឬស្បៃល្អិតៗដែលដាក់យកកូនត្រី គឺបំផ្លាញខ្លាំងណាស់ សំណូមពរឱ្យពួកគាត់ធ្វើការប្រគល់ឱ្យមក ហើយជាក់ស្តែងដូចនៅខាងឃុំបុស្បូវនៅក្រុងសំរោងយើងហ្នឹង ខ្ញុំបានធ្វើការដកម៉ាស៊ីនឆក់ជាង ១០០គ្រឿងដែរ ហើយគាត់បានប្រគល់ឱ្យខ្លះជាបន្តបន្ទាប់។ ហើយខ្ញុំសំណូមឱ្យពួកគាត់ធ្វើយ៉ាងម៉េចការពារស្រះជម្រកត្រីរបស់យើង តែ២ទៅ៣ឆ្នាំទៀត ត្រីយើង អត់ខ្វះហូបទេ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានឱ្យដឹងថា ឧត្តរមានជ័យគឺជាតំបន់ខ្ពង់រាប ប៉ុន្តែទីនេះមានត្រពាំង បឹង ទំនប់ស្ទាក់ទឹកធំៗ ជាប្រភពស្រោចស្រព សម្រាប់ផលិតដំណាំស្រូវឬដំណាំកសិកម្មផ្សេងៗ អាចស្រោចស្រពក្នុងខេត្តចំនួន៣ មានឧត្តរមានជ័យ បន្ទាយមានជ័យនិងខេត្តសៀមរាប និងជាឃ្លាំងមេពូជត្រីធម្មជាតិដ៏សំបូរបែប។ បន្ថែមពីនេះមន្ត្រីជំនាញខាងកសិកម្ម ក៏បានយកចិត្តទុកដាក់ទៅលើការអភិរក្សស្រះជម្រកត្រីសហគមន៍ ចំនួនជាង២០សហគមន៍ ទប់ស្កាត់បទល្មើសនេសាទ និងការបង្កាត់ពូជត្រីសម្រាប់លែងនៅតាម សហគមន៍ ចែកជូនប្រជាពលរដ្ឋ ដើម្បីអាចពឹងអាស្រ័យលើធនធានជលផលដោយមិនព្រួយបារម្ភ៕

Comments

Related posts