នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យវាយតម្លៃ និងប្រគល់-ទទួលវត្ថុសិល្បៈ ដោយមានកិច្ចសហការពីនគរបាលបេតិកភណ្ឌខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។ វត្ថុសិល្បៈមានចំនួន២ដុំ/បំណែកនេះ រកឃើញនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចទីតាំងទួលក្រសាំង ស្ថិតក្នុងភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់មកនៅព្រឹកថ្ងៃទីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋានបានដឹកមករក្សាទុកបណ្តោះអាសន្ន នៅសាលាឃុំព្រៃគ្រី រង់ចាំមន្រ្តីជំនាញរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះមកពិនិត្យ។
វត្ថុសិល្បៈទាំង២ដុំ/បណែកនេះ មាន៖
១.បំណែកប្រអប់ជើងមានពន្លួញ ធ្វើពីថ្មភក់ មានកម្ពស់២៣.៤ស.ម ទទឹង១៨.៤ស.ម បណ្តោយ១៩.៤ស.ម សម័យកាល?
២.បល្ល័ង្ក ធ្វើពីថ្មភក់ មានកម្ពស់៥២ស.ម បណ្តោយ៧៦.៥ស.ម ទទឹង៦១ស.ម សម័យកាល? ក្រោយពីបានពិនិត្យវាយតម្លៃ និងប្រគល់-ទទួលចប់សព្វគ្រប់ វត្ថុសិល្បៈនេះបានដឹកយកមករក្សាទុកក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង នៅក្នុងថ្ងៃ-ខែ-ឆ្នាំដដែល ដើម្បីបន្តការអភិរក្សថែរក្សា សិក្សាស្រាវជ្រាវសម្រាប់ជាប្រយោជន៍ប្រវត្តិសាស្ត្រ។
សូមបញ្ជាក់ថា តាមរយៈលោកអភិបាលស្រុក កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ២០២៤ រដ្ឋបាលឃុំបានដឹកនាំលោកមេភូមិតាកាន់ ប៉ុស្តិ៍រដ្ឋបាលឃុំ ចុះត្រួតពិនិត្យទីទួលក្រសាំង ដែលមានចេតិយ៍ពីបុរាណ ក្រោយសាកសួរអ្នកជុំវិញថា ចេតិយ៍នេះគឺរបស់ឯកជនឈ្មោះ ម៉ុល មឿន ជាប្តី និងឈ្មោះចេង អឿន ជាប្រពន្ធ ។ ដោយឡែកប្រអប់ជើងបុរាណក្រោយមានការធ្វើផ្លូវជុំវិញទួលគ្រឿងចក្រកាយ បានរកឃើញ។លុះ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលឃុំបានដឹកយកមករក្សាទុកនៅសាលាឃុំ៕