គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន បន្តនិមន្តចូលជួបសំណេះសំណាលជាមួយឯកឧត្តមចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្តីការក្រសួង
ក្រោយពីការចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ និងសម្តេចព្រះសង្ឃនាយក ទាំង ២គណៈរួចមក គណៈប្រតិភូព្រះមន្ត្រីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ដឹកនាំដោយព្រះតេជព្រះគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី បានបន្តនិមន្តចូលជួបសំណេះសំណាលជាមួយឯក ឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នៅទីស្តី ការក្រសួងនារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងឱកាសដ៏មានតម្លៃនេះដែរ គណ:ប្រតិភូបានពាំនាំនូវទឹកព្រះទ័យ និងទឹកចិត្តរបស់ព្រះសង្ឃ និងប្រជាជនខ្មែរក្រោម នៃខេត្តត្រាវិញ ថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់របស់ក្រសួងធម្មការនិងសាសនា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសេនាធិ ការជំនាញរបស់រាជរដ្ឋាភិបាលលើវិស័យធម្មការនិងសាសនា ក្នុងការជួយរៀបសម្របសម្រួលការ រៀបចំពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលជាប្រវត្តិសាស្ត្រសម្រាប់ខ្មែរក្រោម។ ព្រះតេជព្រះគុណបានអរគុណឯកឧត្តមរដ្ឋមន្ត្រីដែលចាត់ តាំងក្រុមការងារទទួលគណៈប្រតិភូ និងបានសម្របសម្រួលឱ្យគណ:ប្រតិភូបានចូលក្រាបបង្គំ គាល់សម្តេចព្រះសង្ឃទាំងពីរគណៈ ដើម្បីទូលថ្វាយសម្តេចជាអម្ចាស់ពីស្ថានភាព នៃការបដិបត្តិ ធម្មវិន័យ ការសិក្សារៀនសូត្ររបស់ព្រះសង្ឃខ្មែរក្រោមគ្រប់កម្រិតពុទ្ធិកសិក្សានៅខេត្តត្រាវិញ និងការបន្តថែរក្សានូវមរតក៏ វប្បធម៌ប្រពៃណីរបស់ខ្មែរក្រោមនៅតាមទីអារាម។ ព្រមជាមួយគ្នា នេះផងដែរ គណៈប្រតិភូស្នើសុំឱ្យក្រសួងបន្តគាំទ្រដល់ព្រះសង្ឃខ្មែរក្រោម ដែលកំពុងស្នាក់នៅ និងសិក្សានៅតាមពុទ្ធិកសិក្សានៅក្នុងរាជធានីភ្នំពេញ ។ ទន្ទឹមនឹងនេះគណៈប្រតិភូក៏មានបំណង សុំឱ្យមានការចែករំលែកនូវឯកសារស្តីពី ប្រជុំទំនៀមទម្លាប់ ប្រពៃណី សាសនា និងភាសា ដែល ក្រសួងមាន ដើម្បីយកទៅប្រើប្រាស់បន្ថែមទៀតជាឧត្តមប្រយោជន៍របស់កូនចៅខ្មែរក្រោមនៅ ក្នុងខេត្ត ត្រាវិញ ។
ជាការឆ្លើយតបវិញនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះព្រះវត្តមានរបស់ប្រតិភូ ព្រះសង្ឃខ្មែរក្រោម ដែលបាននិមន្តមកទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេស នៅក្រសួងធម្មការនិងសាសនា នាពេលនេះ។ ឯកឧត្តមបានគាំទ្រចំពោះសំណើររបស់ព្រះអង្គ
ក្នុងការបន្តយកចិត្តទុកដាក់ចំពោះព្រះសង្ឃខ្មែរក្រោម ដែលកំពុងសិក្សានៅតាមបណ្តាពុទ្ធិក សិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះឯកសារស្តីពី ប្រជុំទំនៀមទម្លាប់ ប្រពៃណី សាសនា និងភាសាខ្មែរនោះ ក្រសួងនឹងផ្តល់ប្រគេនផងដែរ ដើម្បីព្រះអង្គយកទៅប្រើប្រាស់ជាឧត្តមប្រយោជន៍ របស់ក្រោមក្នុងខេត្តត្រាវិញ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ក្រសួងធម្ម ការនិងសាសនា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ដឹក នាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានបន្តយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់សុខដុមនីយកម្មសាសនា ពិសេស លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាងនេះទៅទៀត សម្តេចធិបតីនាយករដ្ឋ មន្ត្រី តែងគាំទ្រលើកវិស័យសិក្សាអប់រំ បំពេញបន្ថែមនូវចំណេះដឹករបស់ព្រះសង្ឃឱ្យ បានខ្ពង់ខ្ពស់តាមរយៈពុទ្ធិកវិទ្យាល័យ ពុទ្ធិលសកលវិទ្យា ទាំងរាជធានី-ខេត្តទូទាំងប្រទេស ។ ក្នុង ឱកាសនោះ ឯកឧត្តមបានប្រគេនប្រតិភូនូវឯកសារមួយចំនួនដូចជា សៀវភៅរាជសព្ទ-សង្ឃសព្ទ សៀវភៅកម្រងឧទ្ទេសាចារ្យខ្មែរ សៀវភៅព្រះរាជីវប្រវត្តិសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងសៀវភៅកម្រងសង្ឃប្រកាស នៃអនុសង្ឃវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ។
ជាទីបញ្ចប់ឯកឧត្តមបានប្រគេនពរជ័យគណៈប្រតិភូ និងផ្តាំផ្ញើក្ដីនឹករលឹកដល់ប្រជាពុទ្ធ បរិស័ទខ្មែរក្រោម ខេត្តត្រាវិញទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។