វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ មីនា ២០២៥
អន្តរជាតិ៖ ក្រុមអ្នកស៊ើបអង្កេតយោធាកូរ៉េខាងត្បូងបានចោទប្រកាន់កងទ័ពអាកាស ២នាក់ពីបទធ្វេសប្រហែសពាក់ព័ន្ធនឹងការច្រឡំទម្លាក់គ្រាប់បែកទៅលើភូមិមួយ កាលពីសប្ដាហ៍មុន អំឡុងសមយុទ្ធហ្វឹកហាត់ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោច ២៩នាក់រងរបួស និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រុមអ្នកស៊ើបអង្កេតមកពីក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា កំហុសដែលប្រព្រឹត្តឡើងដោយអ្នកបើកយន្តហោះទាំង២ នៅពេលពួកគេបានបញ្ចូលកូអរដោនេទៅក្នុងប្រព័ន្ធយន្ដហោះគឺជាកត្តាដោយផ្ទាល់នៅពីក្រោយការទម្លាក់គ្រាប់បែកដោយចៃដន្យ។ អ្នកបើកយន្តហោះទាំង២ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសនៃទោសព្រហ្មទណ្ឌដោយបង្កឱ្យមានអ្នករងរបួស តែការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងបន្តធ្វើឡើងនៅឡើយ។
គួរបញ្ជាក់ថា គ្រាប់បែក ៨គ្រាប់ត្រូវបានបាញ់ចេញពីយន្ដហោះចម្បាំង ២គ្រឿងរបស់យោធាកូរ៉េខាងត្បូង និងបានធ្លាក់ចំភូមិមួយកន្លែងនៅក្នុងទីក្រុងដែលស្ថិតនៅក្បែរព្រំដែនជាមួយកូរ៉េខាងជើង អំឡុងការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត។ ទីតាំងជាច្រើនកន្លែងនៅក្នុងទីក្រុង និងតំបន់ជុំវិញនោះ ត្រូវបានប្រើប្រាស់ជាកន្លែងហ្វឹកហាត់របស់យោធាកូរ៉េខាងត្បូង និងអាម៉េរិក។ ក្រោយឧបទ្ទវហេតុកើតឡើង អ្នកបើកយន្តហោះទាំង ២នាក់ត្រូវបានព្យួរការងារបណ្ដោះអាសន្ន និងពិនិត្យឡើងវិញលើអាជ្ញាបណ្ណបេសកកម្មហោះហើររបស់ពួកគេ៕