វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ មីនា ២០២៥
អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានបង្ហាញគំនិតសុទិដ្ឋិនិយម ដោយបាននិយាយថា ក្រុមមន្ត្រីអាមេរិកដែលបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនលើសំណើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដែលអាចនឹងសម្រេចបាននូវបទឈប់បាញ់មួយសម្រាប់សង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ត្រាំ បានបន្តទៀតថា បច្ចុប្បន្នគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់រុស្ស៉ី បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមទទួលយកបទឈប់បាញ់អំឡុងកិច្ចប្រជុំជាង ៨ម៉ោងរវាងក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ លោក ត្រាំ បានបន្ថែមទៀតថា "ខ្ញុំសង្ឃឹមថា យើងអាចទទួលបានការយល់ព្រមលើបទឈប់បាញ់ពីរុស្ស៊ី។ ខ្ញុំបានទទួលសារវិជ្ជមានមួយចំនួន"។ គួរបញ្ជាក់ថា កាលពីថ្ងៃពុធវិមានក្រឹមឡាំងបាននិយាយថាខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោន អំពីសំណើបទឈប់បាញ់នៅអ៊ុយក្រែន ខណៈមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយថាកិច្ចព្រមព្រៀងមួយត្រូវតែគិតគូពីភាពរីកចម្រើន និងដោះស្រាយក្ដីកង្វល់របស់រុស្ស៊ី៕