វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
(ភ្នំពេញ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចាត់ទុកថា វិស័យឯកជនគឺជាដៃគូដ៏សំខាន់ក្នុងការរុញច្រាន កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ដោយលោកជំទាវលើកទឹកចិត្តដល់វិស័យនេះឱ្យពង្រីកការវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
នៅក្នុង“កម្មវិធីសម្ពោធជាផ្លូវការរថយន្តម៉ាក PEUGEOT 408 ស៊េរីថ្មីឆ្នាំ២០២៥” នាល្ងាចថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវអំណរសាទរ និងកោតសរសើរជូនថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន RMA CAMBODIA ចំពោះការរីកចម្រើននិងការពង្រីកធុរកិច្ចរបស់ខ្លួន ជាពិសេសការសម្រេចចិត្តដាក់ទុនបន្ថែម ក្នុងការនាំចូលនូវរថយន្តម៉ាកល្បី PEUGEOT មកកាន់ទីផ្សារកម្ពុជា។
លោកជំទាវបន្តថា ក្រុមហ៊ុន RMA CAMBODIA មិនត្រឹមតែបានវិនិយោគលើការបង្កើតរោងចក្រដំទ្បើងរថយន្តដែលបានបង្កើតឱកាសការងាររាប់រយកន្លែងនោះទេ ថែមទាំងបានចូលរួមជំរុញការប្រកួតប្រជែងទីផ្សារយានយន្តនៅកម្ពុជា ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ តាមរយៈការធានាបាននូវគុណភាព តម្លៃសមរម្យ ការសន្សំសំចៃ ជាមួយនិងភាពសម្បូរ បែប ស្របតាមជម្រើសនិងតម្រូវការ។
លោកជំទាវរដ្ឋមន្ត្រី បន្តថា ដើម្បីជំរុញការប្រកួតប្រជែងស្មើភាព ក្នុងគោលដៅជំរុញបង្កើតមុខទំនិញនិងសេវាកម្មថ្មីៗ បង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា បានដាក់ចេញនិងអនុវត្តនូវវិធានការសំខាន់ៗជាច្រើន រួមមាន៖
១. ការជំរុញទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់តាមរយៈ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាពនិងយុត្តិធម៌
២. ការរៀបចំយន្តការនិងនីតិវិធីការដោះស្រាយតាមការចរចាចំពោះបទល្មើសក្រោមច្បាប់ស្តីពីការប្រកួតប្រជែង សំដៅធានាប្រសិទ្ធភាពពេលវេលា ចំណាយ ធានាភាពបត់បែន
៣. ការរៀបចំយន្តការនិងនីតិវិធីផ្តល់លទ្ធភាពដល់ការចុះបញ្ជីការរួមបញ្ចូលគ្នានៃធុរកិច្ច ក្នុងគោលបំណងផ្តល់នូវការទទួលស្គាល់និងភាពស្របច្បាប់ក្នុងការរួមបញ្ចូលគ្នានៃធុរកិច្ច
៤. ការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព តាមរយ:តុលាការ និងលើកកម្ពស់យន្តការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញាក្រៅប្រព័ន្ធតុលាការ
៥. ការពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ឱ្យកាន់តែប្រសើរ
៦. ការពង្រឹងសមត្ថភាពប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជន អ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យចាប់យកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមលើទីផ្សារយានយន្តអគ្គិសនីដែលនឹងផ្តល់ផលប្រយោជន៍ដ៏សំខាន់ដល់ប្រជាពលរដ្ឋកម្ពុជា មានជាអាទិ៍ ការកាត់បន្ថយថ្លៃចំណាយ ការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងការកាត់បន្ថយផ្សែងឧស្ម័នពុលដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យប្រសើរទ្បើងនូវបរិស្ថាន ជាពិសេសការចាប់យកឱកាសនេះ ចូលរួមវិនិយោគនិងអភិវឌ្ឍបន្ថែមលើផ្នែកនិងសេវាសក្តានុពលពាក់ព័ន្ធជាច្រើនទៀត៕