វិទ្យុជាតិកម្ពុជា៖លោកចេមហួត
(ប៉ីហៃ, ចិន)៖ នាថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០ តោន និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ជំហានទី២ ចំនួន ២០០,០០០ តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ពិធីនេះមានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។
គួរគត់សម្គាល់ផងដែរថា ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕