វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៨ ០៣ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង (ខេមបូឌា) និងជានាយកប្រតិបត្តិនៃសម្ព័ន្ធ Royal Group កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងទេសចរណ៍ និងធនាគារ វីង (ខេមបូឌា) ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ វីង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលកម្រៃសេវាពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេទ្បិចត្រូនិច ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខី ដោយឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក Dmytro Kolechko នាយកប្រតិបត្តិធនាគារ វីង (ខេមបូឌា)។ ក្នុងអនុស្សរណៈនៃការយោគយល់នេះ ផ្តោតសំខាន់ទៅលើចលករ នៅក្នុងការជំរុញការផ្តល់សេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព ភាពទាន់ពេលវលា និងកាន់តែខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតប ទៅនឹងបំណងប្រាថ្នា និងតម្រូវកាន់តែខ្ពស់ របស់ប្រជាជន នាពេលបច្ចុប្បន្ន៕