វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី១០ មេសា ឆ្នាំ២០២៥
ខេត្តស្ទឹងត្រែង- នៅតាមដងព្រៃជួរភ្នំ ក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងនិងនៅស្រុកវើនសៃ ខេត្តរតនគីរី ប្រជាពលរដ្ឋតែងនាំគ្នាទៅរើសផ្លែសំរងដែលជាមុខរបរដូនតា នៅក្នុងខែមេសានិងខែឧសភា ដែលអាច យកមកលក់បានប្រាក់សម្រាប់ដោះស្រាយជីវភាព។
លោកស្រី វ៉ា ណម រស់នៅភូមិខិះ ឃុំព្រែកមាស បានបញ្ជាក់ថា៖ ការនាំគ្នាទៅរើសផ្លែងសំរងនេះ ជាមុខរបរប្រពៃណីមួយ ដែលប្រជាពលរដ្ឋយើងប្រកាន់ធ្វើជាយូរយារមកហើយ តាមទម្លាប់ដូនតា រស់នៅ ស្រុកស្រែចម្ការ ព្រោះបងប្អូនយើងមួយចំនួនក៏នៅតែពឹងផ្អែកទៅលើ ផលអនុផលព្រៃឈើ ដូចជា ផ្លែគុយ ផ្លែសំរង ផ្លែភ្ញៀវ ផ្លែសិរមាន់និងផ្លែ ផ្តៅ ដំបងជាដើម ។
លោកស្រីបន្តថា៖ បច្ចុប្បន្នផ្លែឈើទាំងនេះមិនសម្បូរទេ ព្រោះព្រៃស្រោងមួយចំនួនដែលធ្លាប់ចូលទៅរក បាន ត្រូវបានជនខិលខូច កាប់ផ្តួលអស់ ធ្វើឲ្យបាត់បង់ធនធានធម្មជាតិមួយចំណែកធំ ទើបប្រជាពលរដ្ឋ យើងខ្លះបាននាំគ្នាទៅរកនៅព្រៃខាងស្រុកវ៉ើនសៃ ខេត្តរតនគិរី ។
លោកស្រីបន្តថា៖ចំពោះការចូលទៅរើសផ្លែសំរងនៅភូមិសាស្ត្រស្រុកវ៉ើនសៃ ខេត្តរតនគិរីនេះនៅ ក្នុងព្រៃសហគមន៍មានអ្នកអភិរក្សត្រឹមត្រូវ ហើយមន្ត្រីសហគមន៍យកប្រាក់ពីពួកគាត់ ក្នុងម៉ូតូមួយគ្រឿង តម្លៃ ៣ ម៉ឺនរៀល នៅឆ្នាំ ២០២៤ ចំណែកឆ្នាំ ២០២៥ នេះ គឺ ៥ ម៉ឺនរៀលក្នុងម៉ូតូមួយគ្រឿង ។
លោកចាន់ប៊ុនថាន់បានបញ្ជាក់ដែរថា៖ ជុំវិញករណីយកលុយនេះ ពលរដ្ឋខាងសហគមន៍ ស្រុកវ៉ើនសៃ លើកឡើងថា សម្រាប់អ្នកក្រៅស្រុកគឺ យក៥ ម៉ឺនរៀល ចំណែកអ្នកក្នុងស្រុកយក តែ៣ម៉ឺនរៀលទេ សម្រាប់យកមកចំណាយលើប្រជាសហគមន៍ចុះល្បាត ពិនិត្យនិងការពារដើមសំរងទាំងនោះ ។
លោក ខាំណាង ប្រជាពលរដ្ឋនៅភូមិ ឃុំថ្ម កែវ បានបញ្ជាក់ថា៖ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទំនេរពីការងារធ្វើស្រែចម្ការ ដល់រដូវផលអនុផលព្រៃឈើទុំ បងប្អូនយើងបានបបួលគ្នាទៅរក ផលអនុផលព្រៃឈើមកចិញ្ចឹមជីវភាពបន្ថែម។
លោកបន្តថា៖ពួកគាត់ដឹងហើយថាឱកាសនេះជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែទុកឱ្យ ប្រពន្ធ កូនឱ្យនៅផ្ទះ ហើយប្រុសៗបាននាំគ្នាចេញទៅព្រៃដើររើស ផ្លែសំរង-បេះផ្លែគុយ លក់ បានប្រាក់ចំណូល ខ្លះ សម្រាប់ដោះស្រាយផ្នែកជីវភាពរស់នៅ។
លោកបន្ថែមថា៖ បងប្អូនយើងទៅរើសសំរងនេះក្នុងព្រៃឆ្ងាយៗ ក្នុងមួយថ្ងៃបានចាប់ពី៣ ទៅ៥ គីឡូក្រាម ហើយបងប្អូនខ្លះ អាចដេកផ្លូវ១យប់ ឬ២យប់ក៏មាន ។
សូមបញ្ជាក់ថា៖ ផ្លែសំរងមានឈ្មួញប្រមូលទិញក្នុងមួយគីឡូក្រាម តម្លៃ៥ម៉ឺនរៀល ហើយក្រៅពី ផ្លែសំរងនោះ បងប្អូនប្រជាពលរដ្ឋយើងអាចបេះផ្លែគុយ -ផ្លែភ្ញៀវ- ផ្លែចេកទុំ -ផ្លែព្រីង- ផ្លែកន្ទួតព្រៃ- ផ្លែស្រម៉ -ផ្លែសំពោច -ផ្លែស្វាយព្រៃ -ផ្លែផ្តៅ- ផ្លែដំបង -ផ្លែសោម -ផ្លែពោន- ផ្លែសាវម៉ាវ-ផ្លែមាក់ប្រាង-ផ្លែរ៉ូល - និងផ្លែសិរមាន់ជាដើម។ល។ ៕