វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ មេសា ២០២៥
អន្តរជាតិ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការឃុំខ្លួនបុគ្គលិកក្រសួងការបរទេសរុស្ស៊ីនៅអាកាសយានដ្ឋានក្នុងប្រទេសបារាំង ដោយនេះជាការរំលោភលើបទដ្ឋានការទូតដែលមិនអាចទទួលយកបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "នេះគឺជាសកម្មភាពមិនអាចទទួលយកបានទាំងស្រុង ដែលផ្ទុយនឹងកាតព្វកិច្ចទាំងអស់របស់ប្រទេសបារាំងក្រោមអនុសញ្ញាទីក្រុងវីយែន"។ លោកបានបន្តថា "តំណាងកុងស៊ុលរបស់យើងនៅទីក្រុងប៉ារីស មិនត្រូវបានអនុញ្ញាតឱ្យចូលជួបអ្នកការទូតដែលកំពុងជាប់ឃុំនោះទេ។ ពិតណាស់ យើងថ្កោលទោសចំពោះទង្វើបែបនេះរបស់ប្រទេសបារាំង ហើយចាត់ទុកថាពួកគេមិនអាចទទួលយកបានចំពោះបុគ្គលិកការទូតរបស់យើង"។ អាកប្បកិរិយាបែបនេះរបស់ទីក្រុងប៉ារីស បានធ្វើឱ្យទំនាក់ទំនង ដែលមានភាពតានតឹងរួចមកហើយរវាងរុស្ស៊ី និង បារាំង កាន់តែយ៉ាប់យ៉ឺនថែមទៀត។ លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ការឃុំខ្លួននេះបានកើតឡើងកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននៅពេលដែលអាជ្ញាធរព្រំដែនបារាំង បានឃុំខ្លួនអ្នកការទូតរុស្ស៊ីនោះដោយគ្មានការពន្យល់ហេតុផល។ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំងបានបញ្ជូនមន្ត្រីកុងស៊ុលម្នាក់ទៅកាន់អាកាសយានដ្ឋាន ប៉ុន្តែមន្ត្រីនេះត្រូវបានបង្ខំឱ្យរង់ចាំជិតប្រាំពីរម៉ោងមុនពេលទំនាក់ទំនងណាមួយត្រូវបានធ្វើឡើង។ គួរបញ្ជាក់ថា បន្ទាប់ពីមានការតវ៉ាជាផ្លូវការដែលចេញដោយភាគីរុស្ស៊ីទៅកាន់ក្រសួងការបរទេសបារាំង មន្ត្រីដែលត្រូវបានឃុំខ្លួននោះ នៅទីបំផុតត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេសវិញ៕