វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ បើយោងតាមរបាយការណ៍ចុងក្រោយពីការិយាល័យស្ថិតិប្រទេសឡាវបានឱ្យដឹងថា អត្រាអតិផរណារបស់ប្រទេសនេះក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ គឺមានចំនួន ១៣,១ភាគរយ ធ្លាក់ចុះពី ២៤,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ការកើនឡើងតម្លៃខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងតម្លៃផ្ទះ ទឹក អគ្គិសនី និងប្រភេទហ្គាស ដែលមានចំនួន ២៥,១ភាគរយ។ តម្លៃនៃប្រភេទការថែទាំវេជ្ជសាស្រ្ត និងឱសថមាន ២២,៥ភាគរយ ប្រភេទទំនិញប្រើប្រាស់ក្នុងផ្ទះ ២០,៥ភាគរយ និងប្រភេទអប់រំមាន ២០,៤ភាគរយ។ ការធ្លាក់ចុះនៃអត្រាអតិផរណាគឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងការផ្គត់ផ្គង់កសិផលដែលមានស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពអត្រាប្តូរប្រាក់។ គួរបញ្ជាក់ថា ធនាគារកណ្តាលឡាវ ដែលជាធនាគារនៃសាធារណរដ្ឋប្រជាមានិតឡាវ (BOL) គ្រោងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវអត្រាអតិផរណាមួយខ្ទង់នៅឆ្នាំ២០២៥ នេះ៕