អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
ជំនឿបន់ស្រន់សុំទឹកភ្លៀង គឺជាទំនៀមទម្លាប់ពីបុរាណកាលមក ត្រូវបានប្រជាកសិករកម្ពុជា ជាពិសេសអ្នកស្រុកអង្គរ នៅតែបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ខណៈការប្រារព្ធពិធីនេះ ដើម្បីសុំទឹកភ្លៀង សម្រាប់ការងារបង្ករបង្កើនផលកសិកម្ម និងការដាំដុះដំណាំផ្សេងៗ ព្រមទាំងភាពត្រជាក់ត្រជុំផង ព្រោះថា៖ កាលដើមឡើយ ដោយចាប់ផ្តើមពីខែពិសាខតទៅ ប្រជាកសិករតែងតែចាប់ផ្តើមភ្ជួររាស់ សាបព្រោះ ក្នុងការងារស្រែចំការរបស់ខ្លួននៅរដូវកាលថ្មី។ពិធីសុំទឹកភ្លៀង ជាជំនឿដ៏ស័ក្តិសិទ្ធិ ដែលប្រជាកសិករនៅក្នុងភូមិតែងធ្វើរួចហើយ ភ្លៀងក៏ធ្លាក់មកគ្រប់គ្រាន់ សម្រាប់ការងារស្រែចំការ និងផលដំណំានានា។ ពិធីនេះតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនខកខានឡើយ បើទោះបីមិនមានគ្រោះរាំងស្ងួត ក៏ដោយ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!
ពិធីបុណ្យសុំទឹកភ្លៀង បានប្រារព្ធធ្វើនៅតាមប្រាសាទជាច្រើន ក្នុងរមណីយដ្ឋានអង្គរ មានដូចជា៖ ប្រាសាទនាគព័ន្ធ ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាទបន្ទាយសំរែ និងប្រាសាទលាក់នាងជាដើម។ រីឯប្រជាកសិករនៅក្រៅតំបន់អង្គរ ក៏មានធ្វើពិធីនេះដែរ ដូចជា៖នៅ ស្រុកពួក ស្រុកប្រាសាទបាគង និងនៅតាមតំបន់ផ្សេងៗទៀត ដោយកំណត់ពេលវេលាជាក់លាក់ណាមួយ តាមរយៈលោកអាចារ្យ ឬចាស់ទុំនៅក្នុងភូមិបានមូលមតិគ្នា។ ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះ ពិធីសុំទឹកភ្លៀងរបស់អ្នកភូមិស្រែចង្ហូត សង្កាត់រុនតាឯក (ក្បែរភ្នំបូក)និងនៅតំបន់ក្បែរៗនោះ បានប្រារព្ធពិធីនេះ រយៈពេល២ថ្ងៃចាប់ពីថ្ងៃ១០រោច ដល់ថ្ងៃ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនិងថ្ងៃទី២២ និងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
លោកអាចារ្យ រួន រាន បានឱ្យដឹងថា៖ជារៀងរាល់ឆ្នាំអ្នកភូមិតែងបានកំណត់វេលាជាក់លាក់មួយ ដើម្បីមកជួបជុំគ្នានៅប្រាសាទលាក់នាង ប្រារព្ធពិធីបុណ្យសុំទឹកភ្លៀង ដែលជាប្រពៃណីរបស់អ្នកភូមិគោរពប្រត្តិបត្តិ តាំងពីបុរាណកាលរាប់រយឆ្នាំមកហើយ ព្រោះជាជំនឿដ៏ស័ក្តិសិទ្ធិមួយ។ លោកអាចារ្យនិយាយថា៖ពីធីនេះ មិនដែលខកខានមួយឆ្នាំណាឡើយ អ្នកភូមិតែងរួមគ្នាប្រារព្ធធ្វើក្នុងគោលបំណងសំខាន់ៗពីរផ្សេងគ្នា។
សំឡេងទី១« បើតាមបុរាណដូនតាដែលខ្ញុំកើតមក លោកយាយ លោកតាតែងនាំគ្នា បច្ចុប្បន្នរាងបាត់ច្រើន ពីដើមមិញលឺថាឆាន់នៅប្រាសាទនេះហើយ មួយឃុំនេះមកទាំងអស់ មិនបាច់ថាភូមិណាទេ តែឥឡូវរាងរំសាយមនុស្ស ទី១. គេឆាន់ដើម្បីពិធីឆ្លងឆ្នាំ(ឆ្លងចេត្រ ទីនោះគេឆាន់ដើម្បីសុំទឹកភ្លៀងផង គេធ្វើមានរូបត្រី កង្កែប ក្រពើ រូបអណ្តើក មានទ្រូ មានអីទៅ។ ប៉ុន្តែពេលចាស់បុរាណលោកធ្វើទៅវាតែងបានផលដូចបំណងប្រាថ្នា។ ប៉ុន្តែថាធ្វើបុណ្យតម្រូវអ្វីមួយនោះ អត់មានដឹងហេតុទេ គេហៅថាបុណ្យអរូប ថាយើងធ្វើស្មាន តែការស្មាននោះ វាច្រើនជូនផលដូចបំណងប្រាថ្នា បានចាស់ទុំដឹកនាំកូនចៅធ្វើរហូតមកដល់បច្ចុប្បន្ននេះ»។
លោកអាចារ្យបានបន្តទៀតថា៖ កិច្ចពិធីសំខាន់ៗ ដើម្បីបួងសួងទៅកាន់ម្ចាស់ទឹក ម្ចាស់ដី បារមីតួអង្គ វត្ថុស័ក្តិសិទ្ធិរួមមាន៖ ស្តេចដំរី នាងលាក់នាង ព្រះលឹម លោកតារាជ្យ លោកតាជ័យ លោកតាពពកស រួមទាំងលោកយាយលលកសផង ដើម្បីបួងសួង និងប្រារព្ធនូវកិច្ចសំខាន់ៗតាមជំនឿមក រយៈពេលមួយយប់ពីរថ្ងៃ សូមឱ្យបារមីអស់លោក ថែរក្សាកូនចៅជួបតែសេចក្តីសុខ និងទទួលបានទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់បង្កបង្កើនផលកសិកម្មពេញមួយឆ្នាំ។
សំឡេងទី២« ទីមួយយើងចាប់ផ្តើមសែនស្តេចក្រុងពាលី ទីពីរយើងរៀបចំនមសិកាសមាទានសីល សមាទានសីលរួចហើយបានយើងបួងសួង រួចហើយបានយើងរៀបចំកម្មវិធីវេទឹកមន្តចម្រើនព្រះបរិត្ត។ ប៉ុន្តែដល់ពេលព្រឹកយើងក្រោកនមសិការួច ប្រគេនយាគូដល់ព្រះសង្ឈរួចដល់ថ្ងៃត្រង់រៀបចំនមសិកាម្តងទៀត រួចក៏មានពិធីរាប់បាត្រ រួចហើយជាកិច្ចបន្តយើងរៀបចំកម្មវិធីនិមន្តព្រះសង្ឈមកគង់នៅតាមទិសដែលធ្វើរូបសត្វ មានសត្វត្រី ក្រពើ កង្កែបអីនោះ ដើម្បីនិមន្តគង់នៅតាមទិស និមន្តព្រះសង្ឈសូត្រធម៌មហាមេឃ ធម៌មហាមេឃនេះដើម្បីរំលឹកអស់ស្តេចទេវតា និងស្តេចភុជង្គនាគ យើងយកធម៌នោះឯងជាធម៌មេភ្លៀងគេហៅធម៌មហាមេឃ។
លោកតា សួង យក្ស ព្រឹទ្ធាចារ្យមួយរូប ព្រះជន្ម៨៨ឆ្នាំ មានប្រសាសន៍ថា៖ ពិធីសុំទឹកភ្លៀង ជាជំនឿដ៏ស័ក្តិសិទ្ធិ ដែលពលរដ្ឋនៅក្នុងភូមិតែងធ្វើរួចហើយ ភ្លៀងក៏ធ្លាក់មកគ្រប់គ្រាន់មែន សម្រាប់ការងារស្រែចំការ និងផលដំណំានានា។ ពិធីនេះតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ មិនខកខានឡើយ បើទោះបីមិនមានគ្រោះរាំងស្ងួត ក៏ដោយ។
សំឡេងទី៣« សារៈសំខាន់បែបគេជឿ ដោយសារធ្វើទៅបានភ្លៀងមែន សំខាន់ណាស់ សម្រាប់ធ្វើការងារស្រែចំការ និងស្រោចស្រពដំណាំតាមភូមិ បើរាំងខ្លាំងអត់មានទឹកភ្លៀងវាស្វិតទាំងអស់ ដល់ពេលហើយបងប្អូនយើងស្រុះគ្នា បបួលគ្នា ដើម្បីបានទាំងស្រូវ និងដំណាំតាមភូមិ»។
ជួបជាមួយអ៊ំស្រី វិត រឿម ប្រជាពលរដ្ឋរស់នៅភូមិស្រែចង្ហូត បានលើកឡើងថា៖ ការនាំយកនំចំណី ម្ហូបអាហារឬគ្រឿងសំណែនផ្សេងៗ មកចូលរួមពិធីបួងសួងសុំសេចក្តីសុខ រួមនិងពិធីសុំទឹកភ្លៀង ដែលបានរៀបចំឡើងមួយឆ្នាំម្តង ក្រៅកិច្ចប្រតិបត្តិពិធីសាសនាដែលមានតាំងពីបុរាណកាលហើយនោះ ការបន្តប្រារព្ធពិធីនេះ ក៏ជាស្មារតីនៃការរួបរួមសាមគ្គីជាធ្លុងមួយក្នុងសហគមន៍ផងដែរ។
សំឡេងទី៤«ថ្ងៃនេះរួបរួមសាមគ្គីគ្នាប្រមូលផ្តុំ នៅក្នុងភូមិស្រែចង្ហូតយើងទាំងមូល ធ្វើកម្មវិធីមានពីរ ទី១.ឆ្លងកន្ទុយឆ្នាំ កម្មវិធីទី២.សុំសេចក្តីសុខ និងសុំទឹកភ្លៀង ហេតុដូច្នេះមានបងប្អូនរួបរួមសាមគ្គីគ្នាធ្វើកម្មវិធីនេះ ហើយក៏មានជាវត្ថុសម្រាប់ដាក់ជាតំណាងជាសញ្ញាសម្គាល់ទុកបន្តទៅក្រោយទៀត។ ធ្វើរហូតមក មួយឆ្នាំធ្វើៗ រៀងរាល់ឆ្នាំ ឆ្នាំណាប្រហែសអត់បានធ្វើ ទឹកភ្លៀងខះរីងរាំងតាមវាលស្រែ ងាប់ស្រូវសំណាបអី បន្ទាប់មកបង្កើតគណៈកម្មាការធ្វើ រៀបចំឧទ្ទិសបួងសួងមកក៏មានទឹកភ្លៀងជោគជាំមក »។
ចំណែកអ៊ំស្រី ងិ រ៉េន បាននាំយកម្ហូបអាហារនិងទេយ្យទានផ្សេងៗមកប្រគេនព្រះសង្ឈនៅបរិវេណប្រាសាទលាក់នាងក្នុងឱកាសប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងសុំទឹកភ្លៀង បានឱ្យដឹងថា៖ ពិតជាសប្បាយរីករាយ ដែលប្រជាពលរដ្ឋជាច្រើនភូមិ បានបន្តសាមគ្គីគ្នាយ៉ាងផុសផុល ត្បិតចូលរួមមិនបានច្រើនភូមិដូចពីបុរាណមក ប៉ុន្តែការចូលរួមទាំងនេះបង្ហាញពីស្មារតីប្តេជ្ញាបន្តថែរក្សាមរតកវប្បធម៌អរូបីពីដូនតាមិនឱ្យបាត់បង់។ អ៊ំស្រីបញ្ជាក់ទៀតថា៖ ប្រជាកសិករតែងទទួលបានទឹកភ្លៀងជោគជាំជារៀងរាល់ឆ្នាំ នៅពេលប្រារព្ធបួងសួងសុំទឹកភ្លៀងនៅទីតាំងប្រាសាទបុរាណមួយនេះ។
សំឡេងទី៥« សប្បាយរាល់តែឆ្នាំតែងធ្វើ តាំងពីកំណើតកើតស្រុកកើតភូមិ តាដូនម្ចាស់ទឹកដីនេះ ទំនៀមធ្វើតែអ៊ីចេះឯង បួងសួងអធិដ្ឋានសុំទឹកភ្លៀង។ អ្នកភូមិធ្វើស្រែចំការ ចំការដំឡូង ចន្ទីជាដើម។ ឱ្យតែធ្វើនៅប្រាសាទនេះរាល់តែឆ្នាំដឹងតែភ្លៀងតាំងពីចាស់ៗបុរាណមក »។
លោកអ្នកនាងជាទីមេត្រី!
ខេត្តសៀមរាបក្រៅពីសម្បូរទៅដោយប្រាង្គប្រាសាទបុរាណជាមរតករូបី បុព្វបុរសខ្មែរក៏បានបន្សល់ទុកនូវមរតកវប្បធម៌អរូបីជាច្រើនអណេកទៀត ដែលប្រជាពលរដ្ឋនៅបន្តប្រតិបត្តិជាដរាបរៀងមក។ ជាក់ស្តែង ពិធីបុណ្យសុំទឹកភ្លៀង មិនមែនជាជំនឿទាំងស្រុងនោះទេ ប៉ុន្តែវាជាប្រពៃណីរបស់ខ្មែរ បន្តច្រើនជំនាន់មកហើយ ដោយសារកិច្ចសុំទឹកភ្លៀងនេះ មានទំនាក់ទំនងគ្នា ទៅនិងការងារធ្វើស្រែចំការ។ ពិធីនេះតែងប្រព្រឹត្តិទៅរយៈពេលមួយយប់ពីរថ្ងៃ ចំណែករបៀបរបប ឬកិច្ចពិធីដែលតែងធ្វើនោះ គឺខុសគ្នាអាស្រ័យពីតំបន់មួយ ទៅតំបន់មួយ ឬតំបន់ភូមិស្រុកនីមួយៗ។ ដោយជាទូទៅគេសង្កេតឃើញ គ្រឿងរណ្តាប់តែងមានដូចជា៖ បាយសី ស្លាធម៌ ទៀន ធូប ផ្កាឈូក ក្បាលជ្រូក មាន់ស្ងោរ បាយសម្លរ ផ្លែឈើនិងភេសជ្ជៈជាដើម៕