វិទ្យុជាតិកម្ពុជា៖ អត្ថបទ ៖ លោកភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ គ្រាន់តែមានទូកសម្រាប់ជួលជិះលេងតាមដងស្ទឹងសង្កែភ្លាម ឃើញមានការចាប់អារម្មណ៍ ច្រើនពីភ្ញៀវទេសចរជាតិ អន្តរជាតិ និងយុវវ័យបាននាំគ្នាទៅជិះទូកទស្សនាកម្សាន្ត ប្រកបដោយក្តីសប្បាយ រីករាយ ។
ចំណតទូកថ្មីដែលទើបឱ្យដំណើរការសាកល្បងប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ដែល មានទីតាំងនៅមុខសាលាសោហឺ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលមានចម្ងាយ ប្រមាណ២០០ម៉ែត្រពីស្ពានថ្មថ្មីប៉ុណ្ណោះ ។
អ្នកស្រី ឌី ចំរើន អាយុ៣៦ឆ្នាំ ជាម្ចាស់ទីតាំងចំណតទូកបាត់ដំបងបានប្រាប់ក្រុមការងារព័ត៌មានឱ្យដឹងថា ក្នុងដំណើរការសាកល្បងនេះអ្នកស្រីផ្តល់សេវាកម្មសម្រាប់ភ្ញៀវទេសចរ ជិះទូកលេងកម្សាន្ត ចេញដំណើរ ពីចំណតទូកដល់ត្រឹមវត្តបាយដំរាំ ឃុំឈើទាល ស្រុកបាណន់សិនប៉ុណ្ណោះ ប្រើរយៈពេលប្រហែល២ម៉ោង ដោយភ្ញៀវទេសចរចំណាយប្រាក់ក្នុងមួយកៅអី ២ម៉ឺនរៀល។ អ្នកស្រីបន្ថែមថាអ្នកស្រីមាន ទូកកៃយ៉ាក សម្រាប់ភ្ញៀវជួលជិះលេងកម្សាន្តផងដែរ ក្នុងទូកមួយអាចជិះបានពីរនាក់ តម្លៃ២ម៉ឺនរៀល ក្នុងមួយម៉ោង ។
ម្ចាស់ទីតាំងចំណតទូកខាងលើបានបញ្ជាក់ថា ការផ្តល់សេវាជិះទូកលេងកម្សាន្តតាមបណ្តោយដងស្ទឹង សង្កែនេះជា ជ្រុងមួយថ្មីទៀតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងការ លម្ហែកម្សាន្តលេង ក្រៅពីតំបន់ទេសចរណ៍នានាក្នុងខេត្តបាត់ដំបងដែលកំពុងមានស្រាប់។ អ្នកស្រីបានសម្តែងក្តីរីករាយដែលមានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិ ក្រោយពីបើកដំណើរការសាកល្បង និងសូមឱ្យបន្តការគាំទ្រច្រើនបន្ថែមទៀត ហើយអ្នកស្រីមិនភ្លេចថ្លែង អំណរគុណ ដល់ថ្នាក់ដឹកនាំខេត្តដែលបានអនុញ្ញាតឱ្យបង្កើតចំណតទូកថ្មីនេះឡើងផងដែរ៕