វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ: សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានណែនាំឱ្យយុវជនទាំងអស់ចាកឆ្ងាយពីគ្រឿងញៀននិងប្រែក្លាយនូវបទពិសោធន៍ ការបង្កើតគំនិតថ្មីៗពីការប្រកួតកីឡាE-sport ទៅជាអ្នកគ្រប់គ្រងមានប្រសិទ្ធភាព។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ថ្លៃងបែបនេះ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Khmer Beverages តំណាងដោយ អ្នកឧកញ៉ា លាង ម៉េង និងក្រុមហ៊ុន T.Y Media តំណាងដោយលោក ឈុន សំណាង ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ Vikingz Mekong Invitational ២០២៥ ក្រោមវត្តមានចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនឹងវិស័យកីឡានិង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នេះ នៅមជ្ឈមណ្ឌល T Y ។
នាឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថាការប្រកួតកីឡាអេឡិចត្រូនិក គឺជាការប្រកួតមួយដែលស្វិតស្វាញ បត់បែន ដែលតម្រូវឱ្យបេក្ខជនក៏ដូចជាក្រុមប្រកួតត្រូវតែបង្កើតស្មារតីសាមគ្គីភាព រួមគ្នាបង្កើតយុទ្ធសាស្ត្រថ្មី ដើម្បីឆ្ពោះទៅរកជ័យជម្នះ ដែលជាបទពិសោធន៍មួយសម្រាប់យុវជនយកទៅអនុវត្តក្នុងការងារគ្រប់គ្រង។ ជាមួយនេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់ត្រូវតែរួមគ្នាលេងកីឡាគ្រប់គ្នាយ៉ាងហោចមួយមុខដើម្បីសុខភាព ចៀសចាកឆ្ងាយពីគ្រឿងញៀន ដើម្បីបំពេញបំណងប្រាថ្នារបស់ឪពុកម្ដាយឆ្ពោះទៅកាន់អនាគតរុងរឿង។
លោក លន់ សាមឌី អគ្គលេខាធិការនៃសហព័ន្ធកីឡាអេឡិចត្រួនិកកម្ពុជាបានលើកឡើងពីសារៈប្រយោជន៍នៃកីឡាអេឡិចត្រូនិកដោយថ្លែង អំណរគុណដល់ក្រសួង ស្ថាប័ន សប្បុរសជន វិស័យឯកជននានាដែលបានចូលរួម គាំទ្រ កីឡាប្រភេទនេះ ដូចក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើនៅពេលនេះដែរ ហើយតាមរយៈការប្រកួតនានាគឺយើងតែងតែផ្ញើសារទៅកាន់អ្នកចូលរួមទស្សនាទាំងអស់ពីបញ្ហាសង្គមក្នុងនោះមាន បញ្ហាគ្រឿងញៀនជាដើម។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខានោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការបានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់គ្រប់សមាសភាពទាំងអស់ដែលតែងតែចូលរួមក្នុងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសហព័ន្ធកីឡាអេឡិកត្រូនិកកម្ពុជាដែលជាដៃគូមួយគ្រប់ជ្រុងជ្រោយក្នុងការជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀននៅគ្រប់ការប្រកួតរៀបចំដោយសហព័ន្ធនិងសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា លាង ម៉េង ដែលបានចូលរួមថ្លែងសារទៅកាន់យុវជនអ្នកទស្សនាការប្រកួតក៏ដូចជាអ្នកដែលទស្សនាការប្រកួតនៅតាមគេហដ្ឋានពីសារៈប្រយោជន៍នៃការលេងកីឡាក៏ដូចជាណែនាំយុវជនឱ្យចាកឆ្ងាយពីគ្រឿងញៀនមិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនឆ្ពោះទៅកាន់អនាគតរុងរឿងរបស់យុវជនដោយចាប់ផ្ដើមពីថ្ងៃនេះ៕