វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ មេសា ២៥
អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួង កិច្ចការអតីតយុទ្ធជនចិននៅទីក្រុងហាណូយ ក្នុងពេលដែលកំពុងដឹកនាំគណៈប្រតិភូរដ្ឋាភិបាលចិន ចូលរួមពិធីរំលឹកខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិរបស់វៀតណាម (៣០ មេសា ១៩៧៥-២០២៥)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Chinh បានថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋាភិបាលចិន ដែល បានបញ្ជូនរដ្ឋមន្ត្រីមកចូលរួម និងបុគ្គលិកកងទ័ពរំដោះប្រជាជនចិន ដើម្បីចូលរួមព្យុហយាត្រាដ៏ធំរបស់ វៀតណាមក្នុងពិធីនេះ ដោយនេះជាការបង្ហាញយ៉ាងរស់រវើកនៃការគាំទ្ររបស់ប្រទេសចិន ចំពោះ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់វៀតណាម និងកម្រិតខ្ពស់នៃទំនាក់ទំនងមិត្តភាពវៀតណាម-ចិន។ ថ្លែងមតិសង្ខេបអំពីទំនាក់ទំនងដ៏រឹងមាំរវាងបក្ស និងរដ្ឋទាំងពីរនាពេលកន្លងមក លោកនាយករដ្ឋមន្ត្រី Chinh បានអះអាងថា វៀតណាមមើលឃើញនូវការបង្រួបបង្រួម និងអភិវឌ្ឍភាពជាអ្នកជិតខាង និង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិនជាតម្រូវការគោលបំណង ជម្រើស យុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសទាំងមូលរបស់វៀតណាម។ គួរបញ្ចាក់ថា លោក Xi Jinping ប្រធានរដ្ឋចិន ទើបតែបានមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលថ្មីៗកន្លងទៅនេះ៕