លោក Netanyahu ច្រានចោលលក្ខខណ្ឌរបស់ក្រុមហាម៉ាស ជុំវិញកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a29-14

a30-14

អន្តរជាតិ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានច្រានចោលលក្ខខណ្ឌដែលលើកឡើងដោយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាម និងដោះលែងចំណាប់ខ្មាំង ដោយលក្ខខណ្ឌនេះរួមបញ្ចូលទាំងការដកខ្លួនរបស់អ៉ីស្រាអែលទាំងស្រុង ដើម្បីឱ្យក្រុមហាម៉ាកាន់អំណាចពេញលេញនៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Netanyahu បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា "ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងរបស់យើង ក្រុមហាម៉ាស់ទាមទារឱ្យមានការបញ្ចប់សង្រ្គាម ដកកងកម្លាំងរបស់យើងចេញពីតំបន់ហ្គាហ្សា និងដោះលែងអ្នកទោសប៉ាឡេស្ទីនទាំងអស់ ហើយទុកឱ្យក្រុមហាម៉ាសនៅដដែល ប៉ុន្តែខ្ញុំច្រានចោលនូវលក្ខខណ្ឌទាំងស្រុងរបស់ក្រុមហាម៉ាស"។ លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាស់បានប្រាប់ Reuters ថា ការច្រានចោលសំណើឱ្យបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សាពីសំណាក់មេដឹកនាំអ៉ីស្រាអែលថា នឹងគ្មានឱកាសនៃការវិលត្រឡប់របស់ចំណាប់ខ្មាំងអ៉ីស្រាអែលនោះទេ។ គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំឱ្យមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាង ១០០នាក់ក្នុងចំណោម ២៤០នាក់ ជាថ្នូរនឹងអ្នកទោសជនជាតិប៉ាឡេស្ទីនចំនួន ២៤០នាក់ ដែលជាប់ឃុំនៅក្នុងពន្ធនាគារអ៉ីស្រាអែល៕

Comments

Related posts