កុមារអាយុចន្លោះពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ជាងមួយម៉ឺននាក់នៅក្រុងបាត់ដំបង ចាប់ផ្តើមទទួលវ៉ាក់សាំងដូសទី១

 

វិទ្យុជាតិកម្ពុជា ៖ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបា់តដំបង

       បាត់ដំបង ៖ លោក អ៊ុយ រឺ ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម ងួន រតនៈ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានបើក យុទ្ធនាការផ្តល់វ៉ាក់សាំងដល់កុមារ អាយុចន្លោះពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ដូសទី១ ហើយ នាព្រឹកថ្ងៃទី ១៧ខែកញ្ញានេះ នៅក្នុង អនុវិទ្យាល័យសោហឺ កណ្តាលក្រុងបាត់ដំបង ។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងមានប្រសាសន៍ថា ដើម្បីឲ្យកូនៗបានទទួលវ៉ាក់សាំង អាណាព្យាបាលត្រូវយកមកជាមួយនូវ សំបុត្រកំណើតឬសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬ លិខិតឆ្លងដែន ឬក៏លិខិតបញ្ជាក់ពីអាជ្ញាធរដែនដី គឺយកមួយណាក៏បាន។ 

លោកអភិបាលក្រុងឲ្យដឹងថា កុមារចន្លោះពីអាយុ ៦ឆ្នាំដល់ក្រោម១២ឆ្នាំ នៅក្រុងបាត់ដំបង មានប្រមាណជាង១ម៉ឺននាក់ ដែលត្រូវ ​ទទួលវ៉ាក់សាំង ខណៈក្មេង អាយុចន្លោះ១២ឆ្នាំដល់១៧ឆ្នាំ នៅក្រុងបាត់ដំបង ទទួលបានវ៉ាក់សាំង៩៥ភាគរយទៅហើយ ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានមានប្រសាសន៍ឲ្យដឹងថា ជំហានដំបូង អាជ្ញាធរ ផ្តល់វ៉ាក់សាំងដល់កុមាររស់នៅក្នុងក្រុងបាត់ដំបងសិន និង បន្តចាក់ ទៅតាមបណ្តាស្រុកទាំង១៣បន្តបន្ទាប់គ្នា ។ 

លោកបញ្ជាក់ថាចំពោះមុខនេះរដ្ឋបាលខេត្តបានឲ្យអាជ្ញាធរតាមបណ្តាឃុំស្រុកធ្វើការកំណត់ចំនួនកុមារដែលត្រូវចាក់ ដោយញែកកុមារអាយុចន្លោះពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មានប៉ុន្មាននាក់ នៅតាមភូមិ ឃុំនីមួយៗ ដើម្បី បញ្ជូនវ៉ាក់សាំង រៀបចំចាក់ជូនពួកគាត់ដល់មូលដ្ឋានឃុំនោះផ្ទាល់។

រដ្ឋបាលខេត្តបានអំពាវនាវដល់អាណាព្យាបាលទាំងអស់បញ្ជូនកូនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់គ្នាដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបើកសាលារៀនទូទាំងប្រទេសឡើងវិញ និងចូលរួមស្តារសេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តបាត់ដំបងក៏បានកំពុងបន្តផ្តល់វ៉ាក់សាំងដល់ក្មេងអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ នៅតាមមូលដ្ឋាននៅឡើយ ដែលភាគច្រើនកំពុងទទួលបានដូសទីពីរ ៕IMG_20210917_133627_285

Comments

Related posts