សម្ដេចធិបតីជំរុញឱ្យមានការចងក្រងឯកសារ ស្ដីពីវប្បធម៌ជាតិគ្រប់ទម្រង់ឱ្យបានជាក់លាក់ ដើម្បីថែរក្សាវប្បធម៌ជាតិឱ្យបានរយៈពេលវែងគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ ២៦ ០៤ ២០២៤  

IMG_9611-2

IMG_9616-2
  
MC៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការចងក្រងឯកសារ ស្ដីពីវប្បធម៌ជាតិគ្រប់ទម្រង់ឱ្យបានជាក់លាក់  ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយបានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បវប្បធម៌ខ្មែរបុរាណ និងបែបបទនៃជីវិតរស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមានតាមចម្លាក់នានានៅតាមប្រាង្គប្រាសាទខ្មែរ ក្បាច់រចនាផ្សេងៗ សម្រាប់មនុស្សជំនាន់ក្រោយ។ 

ថ្លែងក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី   សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការថែរក្សាវប្បធម៌មិនមែនសម្រាប់តែការថែរក្សាអ្វីដែលមានពីអតីតកាលនោះទេ ប៉ុន្តែគឺជាការថែរក្សានូវអត្តសញ្ញាណជាតិ ទាំងនៅក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ទន្ទឹមនឹងនោះ ការអភិរក្សនិងអភិវឌ្ឍទាំងពីរត្រូវដើរទៅមុខជាមួយគ្នា ដោយការអភិរក្សគឺការថែរក្សានូវអត្តសញ្ញាណ ឦដើមនៃវប្បធម៌ សិល្បៈ ប្រពៃណី សាសនា ប៉ុន្តែមិនអាចអភិរក្សហើយ  មិនបើកចំហសម្រាប់ការរីកចម្រើនឱ្យស្របទៅតាមការបដិវត្តន៍នៃសង្គមសេដ្ឋកិច្ចនោះទេ។ សម្ដេចធិបតីបន្តថា  ការអភិវឌ្ឍ ច្នៃប្រឌិតនិងការបង្កើតស្នាដៃថ្មីៗគឺជាការចាំបាច់ ដែលត្រូវធ្វើ ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យសិល្បៈ វប្បធម៌ ដើម្បីជួយផ្សព្វផ្សាយនូវស្នាដៃកូនខ្មែរឱ្យបានកាន់តែច្រើន។ សម្ដេចធិបតីបន្ថែមថា  តាមរយៈស្នាដៃ និងទេព            កោសល្យរបស់សិល្បករ សិល្បការិនីខ្មែរ បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ដ្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្ដូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក។ 
សម្ដេចធិបតីបន្តថា ដើម្បីឱ្យការអភិរក្សនិងអភិវឌ្ឍទៅបាន ជាពិសេសនៅក្នុងរបត់នៃសាកលភាវូពាណិជ្ជកម្មចាំបាច់ត្រូវដឹងឱ្យច្បាស់ ស្រាវជ្រាវនិងកំណត់ឱ្យបានពិតប្រាកដ និងមានមូលដ្ឋានឯកសារ ធ្វើការបណ្តុះបណ្តាលផ្សព្វផ្សាយឱ្យទៅដល់ប្រជាពលរដ្ឋគ្រប់ជំនាន់ បានដឹងថា អ្វីជារបស់ខ្មែរពិតប្រាកដ អ្វីដែលត្រូវបានអភិវឌ្ឍ និងអ្វីដែលជាវប្បធម៌បរទេសដោយបានយកមកប្រើប្រាស់ មិនរើសអើង និងអ្វីដែលជាវប្បធម៌ដែលឆ្លងគ្នាទៅវិញទៅមក ដើម្បីធ្វើការអភិវឌ្ឍ ដែលត្រូវធ្វើការកំណត់។ សម្ដេចធិបតីបញ្ជាក់ថា ក្នុងសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន តួនាទីរបស់សិល្បករ សិល្បការនីខ្មែរកាន់តែមានសារៈសំខាន់ខ្លាំងក្លា ជាពិសេសសិល្បករមួយ រូបៗសុទ្ធតែអាចជាឯកអគ្គរាជទូត តំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ និងអាចឆក់យកឱកាសទាំងអស់នេះ បំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណជាតិ ភាពរុងរឿងសាជាថ្មី និងក្តីស្រឡាញ់ការពារវប្បធម៌ជាតិឱ្យកាន់តែខ្លាំងក្លាឡើង។ សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សិល្បករ សិល្បការិនីខ្មែរដ៏ច្រើនរាប់មិនអស់នៅគ្រប់ជំនាន់ បានបូជាកម្លាំងកាយចិត្ត ស្មារតី ទេពកោសល្យ រហូតជីវិតរបស់ខ្លួន ដើម្បីថែរក្សាការពារកេរមរតកដូនតាគ្រប់ៗទម្រង់ ដោយបានបំផុសនូវគំនិត និងការច្នៃប្រឌិតថ្មីៗ តាមរយៈសិល្បវប្បធម៌ខ្មែរបុរាណ និងបែបបទនៃជីវិតរបស់នៅរបស់ប្រជាជនខ្មែរជាមួយធម្មជាតិ ដែលមានតាមចម្លាក់នានានៅតាមប្រាង្គប្រាសាទខ្មែរ ក្បាច់រចនាផ្សេងៗ ដែលជាលម្អនៃការរស់នៅរបស់ប្រជាជនខ្មែរឱ្យលេចធ្លោឡើង តាមរយៈរបាំអប្សរាដ៏ល្អឥតខ្ចោះ ទម្រង់របាំក្បាច់ របាំបុរាណ និងប្រពៃណីខ្មែរ របាំសហសម័យ រូបភាព សិល្បៈ តន្ដ្រី ចម្រៀង ខ្សែភាពយន្ដ ចម្លាក់ អក្សរសិល្ប៍ សម្លៀកបំពាក់ រហូតដល់ម្ហូបអាហារជាដើម។ 
 «ជាពិសេសការកំណត់បាននូវអត្តសញ្ញាណនេះ នៃការថែរក្សារយៈពេលវែងដែលមិនបន្តិចម្តងៗ យើងត្រូវបាត់ស្រមោល ឬមួយភ្លេចវប្បធម៌ក្នុងប្រទេសរបស់យើង ដោយសារសម្ពាធ ឬក៏ភាពសម្បូរបែបនៃសាកលភាវូពាណិជ្ជកម្ម នៃការចូលមកនៃវប្បធម៌បរទេស ក៏ដូចជាភាពសម្បូរបែបនៃវប្បធម៌សកលលោក។ ដូច្នេះយើងត្រូវចាំបាច់ធ្វើការពង្រឹងខ្លួនឯង តាមរយៈការពង្រឹងសមត្ថភាពរបស់យើងនេះហើយ ការពង្រឹងការស្រាវជ្រាវចងក្រងជាឯកសារផលិតឱ្យបានច្រើនជុំវិញការផ្សព្វផ្សាយនិងប្រើប្រាស់ឱ្យបានទូលំទូលាយ ។ ហើយខ្ញុំសូមធ្វើការកោតសរសើរចំពោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានជំរុញការស្រាវជ្រាវចងក្រងថែរក្សាស្ដារ និងផ្សព្វផ្សាយ រួមទាំងការជំរុញការចុះបញ្ជីបតិកភណ្ឌពិភពលោក នៃសម្បត្តិបេតិកភណ្ឌរូបិយនិងអរូបិយ ហើយយើងនឹងបន្តធ្វើតទៅទៀតដើម្បីអភិរក្ស និងដើម្បីផ្សព្វផ្សាយឲ្យអន្តរជាតិបានដឹងថានេះជាស្នាដៃរបស់បុព្វបុរសកម្ពុជា ដែលនេះគឺជាអ្វីដែលត្រូវធ្វើ៕»

Comments

Related posts