កម្ពុជាកំពុងជំរុញដាក់ឱ្យអនុវត្តនាពេលឆាប់ៗ នូវ“ក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣"

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ៣០.១១.២០២១

 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនិងកំពុងជំរុញដាក់ឱ្យអនុវត្តនាពេលឆាប់ៗខាងមុខនេះនូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលឈរលើសសរស្តម្ភបី (ហៅថា 3Rs) ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗជាយថាហេតុ ។

ការលើកឡើងបែបនេះរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោកជំទាវCarmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការ ក្រសួង ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា សសរស្តម្ភបីនោះ រួមមាន៖  សសរស្តម្ភទី ១ “ ការស្តារ(Recovery)", សម្រាប់ស្តារឡើងវិញនូវវិស័យដែលទទួលរងនូវឥទ្ធិពលអវិជ្ជមានខ្លាំងរបស់ជំងឺកូវីដ ១៩, សសរស្តម្ភទី ២ “ការកែទម្រង់ (Reforms)", កែទម្រង់ត្រប់ផ្នែក គ្រប់វិស័យសម្រាប់ទាក់ទាញការវិនិយោគនិងសសរ ស្តម្ភទី ៣ “ការកសាងភាពធន់ (Resiliency)” ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ជាដើម ។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវសមិទ្ធផលជាច្រើន និងចាត់ទុកថាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺជា “ឆ្អឹងខ្នង” ដើម្បីគាំទ្រការកែទម្រង់វិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយជោគជ័យ ចីរភាព និងបរិយាប័ន្ន ។

លោកជំទាវ Carmen Moreno បានបញ្ជាក់ថា ក្របខណ្ឌលទ្ធផលនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នឹងផ្តោតលើ សមាសធាតុគន្លឹះនៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលរួមមាន៖ ការពង្រឹងការកៀរគរចំណូល ក្នុងស្រុក, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ, ការគ្រប់គ្រងវិនិយោគសាធារណៈផ្សារភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ និងការពង្រឹងប្រសិទ្ធភាពលទ្ធកម្មសាធារណៈ ។

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហភាពអឺរ៉ុប ដែលបាន ទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ពិសេស គាំទ្រទាំងជាជំនួយហិរញ្ញប្បទានឥតសំណងនិងជំនួយបច្ចេកទេស ដល់ការអនុវត្តន៍កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងបានគូសបញ្ជាក់ថា ការដ្ឋានកែទម្រង់អាទិភាពដែលបានស្នើឡើងដោយប្រតិភូសហភាពអឺរ៉ុប ស្របតាមអាទិ ភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣បូក២ និងយុទ្ធសាស្ត្រស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។ 

ជាមួយគ្នានេះ ដើម្បីឱ្យការរៀបចំក្របខណ្ឌលទ្ធផលសម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីនេះបានឆាប់រហ័ស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានណែនាំដល់ក្រុមការងារ បច្ចេកទេសទាំងពីរភាគី ខាងរាជរដ្ឋាភិបាល និងសហភាពអឺរ៉ុប ចាប់ផ្តើមធ្វើការរួមគ្នាឱ្យបានឆាប់ ៕IMG_20211130_203554_667IMG_20211130_203559_286

Comments

Related posts