ក្រសួងការងារ ណែនាំឱ្យរោងចក្រ សហគ្រាសរម្លឹកប្រាក់បំណាច់អតីតភាពការងារជូនកម្មករ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
 
ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកប្រាក់រម្លឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល ។
 
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតផ្នែក​កម្មន្តសាល​ទាំងអស់ ដែលប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាមិនកំណត់ (UDC) ត្រូវបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩(ប្រសិនបើមាន)ដែលត្រូវបើកក្នុង​ឆ្នាំ២០២០ ត្រូវទូទាត់នៅក្នុងត្រីមាសទី១ និងនៅក្នុងត្រីមាសទី៣ និង ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ (ប្រសិនបើមាន) ដែលត្រូវបើកក្នុងឆ្នាំ២០២១ ត្រូវទូទាត់នៅក្នុងត្រីមាសទី២ និងនៅក្នុងត្រីមាសទី៤។
 

សេចក្តីជូនដំណឹងបន្តថា កម្មករនិយោជិត និងនិយោជក ក៏អាចចរចាកំណត់នីតិវិធី និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារខាងលើ ស្របតាមស្ថានភាព
រោងចក្រ សហគ្រាស និងអាជីវកម្មរបស់ខ្លួន។
 
ក្រសួងក៏បានអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិតផ្នែកកម្មន្តសាល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតម្កល់ផលប្រយោជន៍រួមជាធំ ដោយត្រូវពិភាក្សាគ្នារកដំណោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ៕

Comments

Related posts