ប្រមុខ NATO៖ មិនទាន់យឺតពេលនោះទេ ដើម្បីជួយអ៊ុយក្រែនយកឈ្នះទៅលើរុស្ស៉ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9750-1

IMG_9756-1

អន្តរជាតិ៖ លោក Jens Stoltenberg ប្រមុខអង្គការ NATO បាននិយាយថា វាមិនទាន់យឺតពេលពេកនោះទេ សម្រាប់អ៊ុយក្រែនយកឈ្នះលើរុស្ស៉ី ដរាបណាសម្ព័ន្ធមិត្ត លោកខាងលិចបំពេញតាមពាក្យសន្យារបស់ខ្លួនក្នុងការប្រគល់អាវុធបន្ថែមទៅឱ្យទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Jens Stoltenberg ធ្វើការកត់សម្គាល់បែបនេះក្នុងសុន្ទរកថាមួយនាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ លោកប្រមុខ NATO បានទទួលស្គាល់ថាក្នុងរយៈពេលប៉ុន្មានខែមកនេះ សម្ព័ន្ធមិត្ត NATO មិនបានផ្ដល់អាវុធឱ្យអ៊ុយក្រែនតាមការសន្យានោះទេ តែទោះជាបែបនេះក្ដី វាមិនទាន់យឺតពេលនោះទេសម្រាប់អ៊ុយក្រែនយកឈ្នះលើរុស្ស៉ី ពីព្រោះការគាំទ្របន្ថែមកំពុងធ្វើឡើង។ គួរបញ្ជាក់ថា អ៊ុយក្រែនបានបាត់បង់ទឹកដីជាបន្តបន្ទាប់នាមួយរយៈចុងក្រោយនេះចំពោះមុខការវាយលុករបស់កងទ័ពរុស្ស៉ី ដោយសារតែការខ្វះខាតគ្រាប់រំសេវ និងអាវុធ។ ប៉ុន្តែលោក Stoltenberg បានកត់សម្គាល់ថាសភាទាំង ២ របស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយយោធាថ្មីទំហំរាប់សិបពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈប្រទេសដទៃទៀតដូចជាចក្រភពអង់គ្លេស អាល្លឺម៉ង់ និងហូឡង់ ក៏បានសន្យាផ្ដល់អាវុធបន្ថែមឱ្យទីក្រុងកៀវផងដែរ៕

Comments

Related posts