សម្តេចតេជោប្រកាសករណីឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកទី៣ រកឃើញអ្នកឆ្លងចំនួន៣២នាក់ហើយ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះបានប្រកាសពីករណីឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ជាលើកទី៣ ដែលសម្តេចតេជោបានដាក់ឈ្មោះថា ព្រឹត្តិការណ៍២០ កុម្ភៈ ក្នុងនោះរកឃើញអ្នកឆ្លងចំនួន៣២នាក់ហើយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសឱ្យដឹងដូច្នេះតាមរយៈការថ្លែងសារពិសេសទៅកាន់ជនរួមជាតិនៅទូទាំងប្រទេស ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេច និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សភាពការណ៍បានឈានដល់ដំណាក់កាលថ្មីមួយដែលមានការឆ្លងចូលក្នុងសហគមន៍ជាលើកទី៣ បន្ទាប់ពីសហគមន៍៣វិច្ឆិកា ព្រឹត្តិការណ៍២៨វិច្ឆិកា ហើយថ្ងៃនេះគឺជាព្រឹត្តិការណ៍២០កុម្ភៈ ។ 

សម្តេចតេជោបានបន្តថា ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ បានរកឃើញការឆ្លងក្នុងសហគមន៍ទ្រង់ទ្រាយធំរហូតទៅដល់៣២ករណី ខណៈវិទ្យាស្ថានប៉ាស្ទ័រកំពុងបន្តធ្វើតេស្តស្វែងរកអ្នកពាក់ព័ន្ធតទៅទៀត ។ 

សម្តេចតេជោបញ្ជាក់ថា ការរកឃើញករណីឆ្លងថ្មីនេះ គឺមានបងប្អូនប្រជាពលរដ្ឋបានទៅសុំលិខិតធ្វើតេស្តសុខភាពដើម្បីចេញទៅក្រៅប្រទេសហើយក៏បានរកឃើញជំងឺកូវីដ-១៩តែម្តង ។ សម្តេចតេជោក៏បានចេញបទបញ្ជា ដោយបិទមិនឱ្យមានការចេញចូលកន្លែងមានករណីឆ្លងជំងឺកូវីដ-១៩ ដូចជា ក្លឹបN8 និងកន្លែងផ្សេងៗទៀត ហើយត្រូវស្វែងរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំងអស់នេះឱ្យអស់ ដើម្បីទប់ស្កាត់កុំឱ្យជំងឺដ៏កាចសាហាវនេះរីករាលដាលកាន់តែធំឡើង ។

សំឡេង« ក្នុងស្ថានភាពបែបនេះខ្ញុំសូមចេញបទបញ្ជា ក៏ដូចជាអំពាវនាវ ចំពោះបងប្អូនជនរួមជាតិរបស់យើង ដែលមានចំណុចមួយចំនួនដូចតទៅ ទី១សុំការយោគយល់អំពីធុរកិច្ច ក៏ដូចជាការស្នាក់នៅរបស់ប្រជាពលរដ្ឋ ដោយតម្រូវឱ្យបិទអគារ បិទក្លឹបកម្សាន្ត និងបិទតំបន់មួយចំនួនជាចាំបាច់ ហើយដែលអភិបាលរាជធានីភ្នំពេញ បានធ្វើការបិទតាំងពីយប់ម៉ោង២នៅតំបន់ខ្លះរួចទៅហើយ ហើយនឹងបន្តឃុំគ្រងនៅតំបន់នេះតទៅទៀត ហើយអ្នកនៅក្នុងតំបន់នោះ គឺអាចនឹងមានផលប៉ះពាល់ប៉ុន្តែយើងគ្មានជម្រើសទេ ក្រៅតែពីការបិទ មានដូចជាក្លឹបN8ដែលជាក្លឹបកម្សាន្ត បិទអគារស្នាក់នៅ ដែលគេហៅថាអាផាត់ធើមិន និងបិទតំបន់ខ្លះដែលមានផ្ទះច្រើន មានហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលពីតំបន់នោះគឺត្រូវបិទជាបណ្តោះអាសន្ន មនុស្សនៅក្នុងតំបន់នោះមិនត្រូវអនុញ្ញាតឱ្យមានការចូល ប៉ុន្តែបើមនុស្សនោះជាម្ចាស់ផ្ទះគឺអនុញ្ញាតឱ្យចូលប៉ុន្តែមិនអនុញ្ញាតឱ្យចេញ ។ ក៏សូមបញ្ជាក់ចំណុចនេះ គាត់មានផ្ទះនៅក្នុងនោះ អ៊ីចឹងគាត់អាចចូលក្នុងនោះបានប៉ុន្តែមិនអាចចេញបានទេ ។ នេះជាវិធានការមួយដើម្បីប្រកាន់យកជៀសវាងការរីករាលដាលជំងឺកូវីដ-១៩ ដែលឆ្លងក្នុងសហគមន៍ ដែលខ្ញុំព្រះករុណាខ្ញុំហៅថា គឺសហគមន៍២០កុម្ភៈ » ៕IMG_20210220_125338_446IMG_20210220_125334_556

Comments

Related posts