យុវជន សិស្ស/និស្សិត ជិត១០០នាក់ ទទួលបានលទ្ធផលល្អពីការសម្ភាសការងារក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ

វិទ្យុជាតិកម្ពុជា៖

 

វេទិកាការងារ និងកម្មសិក្សាការងារ ពេញមួយថ្ងៃរបស់ NEA ដែលសហការរៀបចំជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២២៥ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង១៤។  ជាលទ្ធផល បេក្ខជនចំនួន ៧ នាក់ បានសម្ភាសជាប់ជាស្ថាពរភ្លាមៗ និង បេក្ខជន ៧២នាក់ ផ្សេងទៀត បានសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនម្តងទៀតនាពេលឆាប់ៗខាងមុខនេះ។ 

 

កញ្ញា ចន្ធី លីមុំ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ឆ្នាំទី៣ លើកឡើងថា វេទិកាការងារនេះគឺពិតជាសំខាន់ណាស់សម្រាប់សិស្សនិស្សិត ដែលពុំមានពេលដើរស្វែងរកការងារធ្វើ។ កញ្ញា លីមុំ ពិតជាសូមអរគុណចំពោះ NEA ដែលបានរៀបចំវេទិកាការងារនេះឡើង នឹងសូមជំរុញឱ្យខាង NEA រៀបចំវេទិកាការងារនេះឱ្យបានញឹកញាប់បន្ថែមទៀតផងដែរ។

 

កញ្ញា វាសនា យ៉ានុត ជានិស្សិតកំពុងសិក្សាជំនាញគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបរាបថា វេទិកាការងារនេះពិតជាល្អខ្លាំងណាស់ ព្រោះបានចំណេញទាំងថវិកា និងពេលវេលា ពិសេសអាចបង្កើតជម្រើសជាច្រើនដល់អ្នកស្វែងរកការងារឱ្យបានជួបជាមួយក្រុមហ៊ុនដែលមកចូលរួមក្នុងវេទិកាការងារនាថ្ងៃនេះផងដែរ។

 

គួរបញ្ជាក់ថាក្រុមហ៊ុនដែលបានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សានាថ្ងៃទី២៥ មេសាម្សិលមិញរួមមាន៖ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។

 

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕58D90692-2E70-4CEE-AE89-5C72EE2CE7BF566288E4-3A29-4D9F-ACC7-AC3952222ADAC551988B-9EFD-4A17-AA3D-BC5053493B53

Comments

Related posts