កន្ត្រកធ្វើអំពីផ្តៅស្នាដៃបន្សល់ទុកពីដូនខ្មែរត្រូវបានបន្តផលិតនិងថែរក្សាដោយប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប

 

វិទ្យុជាតិកម្ពុជា លោកអេង យូ 

 

សៀមរាប៖ កន្ត្រកផ្តៅសម្រាប់ដាក់ផ្លែឈើ ភេសជ្ជៈ និងចំណីអាហារផ្សេងៗ ដែលជាផលិតផលរបស់ខ្មែរ ផលិតដោយដៃ តាមបែបលក្ខណៈប្រពៃណីខ្មែរនៅខេត្តសៀមរាប កំពុងទទួលបានការ ពេញនិយមក្នុងការប្រើប្រាស់យ៉ាងខ្លាំង។

អ្នកស្រី ងិន សំណាង អាយុ២៤ឆ្នាំ ជាអ្នកធ្វើកន្រ្តកសម្រាប់ដាក់ផ្លែឈើ ភេសជ្ជៈ និងចំណីអាហារផ្សេងៗលក់ រស់នៅក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា ទោះបីមុខរបរធ្វើកន្ត្រកលក់ជួបប្រទះបញ្ហាប្រឈមច្រើន ដូចជា កង្វះខាតវត្ថុធាតុដើម គឺផ្តៅក៏ដោយ ប៉ុន្តែ ដោយសារទឹកចិត្តស្រឡាញ់និងចង់ថែរក្សាស្នាដៃដូនតា ដែលបានបន្សល់ទុកផងនោះ ទើបសម្រេចចិត្តបន្តមុខរបរនេះពីម្តាយឪពុកមកដល់ពេល នេះ។

អ្នកស្រី ងិន សំណាង បានឱ្យដឹងទៀតថា ក្នុងមួយថ្ងៃអ្នកស្រីអាចផលិតកន្ត្រកបានចំនួន៣ រីឯតម្លៃវិញមានចាប់ពី៨០០០រៀលរហូតដល់៦០០០០រៀលទៅតាមការកម្មង់ទិញរបស់អតិថិជន ។ អ្នកស្រីបានសំណូមពរប្រជាពលរដ្ឋទូទៅ សូមជួយគាំទ្រផលិតផលខ្មែរ ដែលជាស្នាដៃរបស់ប្រជាពលរដ្ឋក្នុងស្រុកផលិតបាន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

តាមរយៈគោលនយោបាយភូមិមួយផលិតផលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅជំរុញការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម ឬសេវានៅតាមភូមិឋានឬសហគមន៍ទាំងការផលិត ការកែច្នៃ ការវេចខ្ចប់ និងការអភិវឌ្ឍន៍ផលិតផលមួយ ឬច្រើន ដើម្បីបង្កើនតម្លៃបន្ថែម និងស្វែងរកទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដោយបានបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕IMG_20210225_191027_507IMG_20210225_191015_415IMG_20210225_191013_129

Comments

Related posts