មន្ត្រីនៃមន្ទីរសុខាភិបាលបញ្ជាក់ថា អត្រាព្យាបាលអ្នកជំងឺរបេងបានជាសះ ស្បើយ ៩៥%

វិទ្យុជាតិកម្ពុជា លោកស្រី ឃួន លក្ខិណា ២៥/០៤/២០២៤
មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយសារការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រីកសេវាព្យាបាលជំងឺរបងនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានានៅរាជធានី ទើបធ្វើឱ្យអត្រាអ្នកជាសះស្បើយបានកើនឡើងរហូតដល់ទៅ ៩៥%។
អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍
ថ្លែងនៅក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងនូវចំនួនតួលេខនៃមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងការិយាល័យស្រុកប្រតិបត្តិដែលកំពុងបម្រើនូវសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ។
បើតាម លោក ងី មានហេង បានបញ្ជាក់ថា កន្លងមកនេះ មន្ទីរសុខាភិបាលបានផ្តល់សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និង ថែទាំទារក ដែលបានជួយកាត់បន្ថយអត្រាមរណៈភាពមាតា និង បានផ្តល់គ្រាប់ថ្នាំជីវជាតិដែក/អាស៊ីតហ្វូលិកដល់ស្ត្រីមានគភ៌ ផ្តល់ថ្នាំទម្លាក់ព្រូន មេបង់ដាហ្សុល។
លោកបន្តថា អត្រាគ្របដណ្តប់នៃវ៉ាក់សាំង ៣ដួស បង្ការជំងឺខាន់ស្លាក់ ស្វិតដៃជើង តេតាណូស រលាកសួត (DPT-HepB-Hib 3) ផ្តល់ការពិគ្រោះជំងឺករណីថ្មីលើកុមារអាយុក្រោម៥ឆ្នាំ អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។ ជាមួយគ្នាផងដែរ នៅតាមបណ្តាមន្ទីរពេទ្យនានានៅរាជធានីបានព្យាបាលអ្នកជំងឺរបេងឱ្យជាសះស្បើយប្រមាណ៩៥%។
បើតាមឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការផ្តល់សេវាព្យាបាលសង្គ្រោះប្រជាពលរដ្ឋគឺជារឿងចាំបាច់ណាស់សម្រាប់អាយុជីវិត ដោយក្នុងនោះមន្ទីរក៏បានធ្វើការគ្រប់គ្រងសេវាសុខាភិបាលឯកជន និងឱសថស្ថានឯកជនត្រូវបានពង្រឹង ឱសថស្ថាន-ឱសថស្ថានរងមន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាល និងបន្ទប់ពិគ្រោះព្យាបាល ជំងឺត្រូវបានត្រួតពិនិត្យជាទៀងទាត់រៀងរាល់ខែផងដែរ។
លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះមន្ទីរសុខាភិបាលរាជធានីក៏បានធ្វើការគ្រប់គ្រង និងសម្រប សម្រួលក្នុងការអនុញ្ញាតបើកថ្មីមន្ទីរពេទ្យឯកជន មណ្ឌលកែសម្ផស្ស មន្ទីរព្យាបាល មាត់ធ្មេញ មន្ទីរពិសោធន៍វេជ្ជសាស្ត្រ បន្ទប់ ពិគ្រោះព្យាបាលជំងឺទូទៅបន្ទប់ពិគ្រោះជំងឺមាត់-ធ្មេញ បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះ បន្ទប់ថែទាំជំងឺ បន្ទប់ពិគ្រោះជំងឺសើរស្បែក បន្ទប់ព្យាបាល បន្ទប់ពិគ្រោះជំងឺផ្លូវចិត្ត បន្ទប់ ពិគ្រោះព្យាបាលជំងឺភ្នែក។
លោកបន្តថាទន្ទឹមនោះយើងក៏បានបិទសេវាឯកជនមួយចំនួនផងដែរ ដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ណែនាំ។ សមិទ្ឋផលដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី សម្រេចបានក្នុងឆ្នាំ២០២៣នេះ បាន មកពីការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលគ្រប់រូបដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍនានា និងការចូលរួមរបស់ សហគមន៍។
សូមបញ្ចាក់ថា បច្ចុប្បន្ននេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ មានមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ១ ការិយាល័យស្រុកប្រតិបត្តិចំនួន ០៧ ដែលមានមន្ទីរពេទ្យបង្អែកកម្រិត CPA1 ចំនួន ០៧ មណ្ឌលសុខភាពចំនួន៤៦ និងប៉ុស្តិ៍សុខភាពចំនួន៤ទីតាំង និងមានមន្ត្រី និងបុគ្គលិកសុខាភិបាលចំនួន ១.៥២៩រូប (ស្ត្រីចំនួន ៦៦៩រូប)។មន្ទីរ បានទទួលពិនិត្យពិគ្រោះជំងឺថ្មីជូនប្រជាពលរដ្ឋចំនួន ៤៦២.០៩៤ ករណី បានផ្តល់សេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកទាំង០៨ ចំនួន ១២.៥៣៦នាក់ បានផ្តល់សេវាថែទាំសុខភាពមាតា ទារក និងកុមារមួយចំនួនបានល្អប្រសើរ៕

IMG_20240426_114554_539

IMG_20240426_114123_660IMG_20240426_114123_905

IMG_20240426_114123_585IMG_20240426_114123_369

IMG_20240426_114123_344

IMG_20240426_114123_777IMG_20240426_114123_620

IMG_20240426_114123_644

IMG_20240426_114123_587

Comments

Related posts