អភិបាលខេត្តកណ្តាលហាមដាច់ខាតចំពោះមន្ត្រីមូលដ្ឋានគឺមិនឱ្យបញ្ជាក់លិខិតធ្វើដំណើរអ្វីទាំងអស់ 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី 
ភ្នំពេញ ៖ អភិបាលខេត្តកណ្តាលហាមដាច់ខាតចំពោះមន្ត្រីមូលដ្ឋានគឺមិនឱ្យបញ្ជាក់លិខិតធ្វើដំណើរអ្វីទាំងអស់ បើសិនជាល្មើស នឹងបទបញ្ជាគឺត្រូវទទួលខុសត្រូវទៅតាមផ្លូវច្បាប់ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា អាជ្ញាធរតាមសង្កាត់ទាំងអស់ ដែលពាក់ព័ន្ធនឹង ក្រុងតាខ្មៅ ត្រូវធ្វើការបិទខ្ទប់ទាំងស្រុងមួយរយភាគរយ ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលនោះឡើយ លើកលែងតែក្នុង ករណីចាំបាច់តែប៉ុណ្ណោះ ហើយចំពោះប្រជាពលរដ្ឋទាំងអស់ដែលល្មើសនឹងបទបញ្ជា គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបន្តថា ការដាក់ចេញនូវសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៃខេត្តកណ្តាលនេះ ក្នុងគោលបំណងគ្រប់គ្រងការឆ្លងបន្តនៃជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធភាពខ្ពស់ តាមការណែនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

photo_2021-04-16_16-33-33 (2)
សំឡេង ៖« ស្រុក ក្រុង ឃុំ សង្កាត់ហាមធ្វើលិខិតបញ្ជាក់ឱ្យអ្នកណាម្នាក់ មិនឱ្យធ្វើលិខិតបញ្ជាក់អ្នកនេះនៅនោះ អ្នកនេះនៅនោះជាដាច់ខាត បើចង់ធ្វើលិខិតបញ្ជាក់គឺត្រូវមកបញ្ជាក់ជាមួយអភិបាលខេត្ត បើសិនជាមានលិខិត បញ្ជាក់ចេញពីអាជ្ញាធរណាមួយ គឺអាជ្ញាធរនោះខុសនឹងនីតិវិធីនៃការណែនាំតែម្ដង ដូច្នេះនេះគឺបទបញ្ជារបស់រាជរដ្ឋាភិបាល សេចក្តីសម្រេចលេខ០៤៩ និងសេចក្តីសម្រេចប្រកាសរបស់អភិបាលខេត្តកណ្ដាល នៅពេលដែលខ្ញុំបានពិនិត្យមើលឃើញថា មានការចន្លោះប្រហោងច្រើនណាស់ ថាតើកន្លែងណាទៅដែលយើងបានបិទ ដល់រហូតដល់មានការចងខ្សែតាមខ្នងផ្ទះ ឬក្នុងតំបន់មណ្ឌលដែលមានហានិភ័យទៅទៀត ចុះបើនៅបង្ហើបលក់ដូរបានតាមចិត្តទៅទៀតនោះ មនុស្សជិះចុះឡើង បានតាមចិត្ត នេះគឺជាការប្រឆាំងនឹងបទបញ្ជាទៅហើយ ដូច្នេះមិនអនុញ្ញាតឲ្យធ្វើបែបនេះទេ សូមចូលរួមអនុវត្តន៍ឲ្យបាន ខ្ជាប់ខ្ជួនអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ដោយទន់ភ្លន់តែម៉ឺងម៉ាត់បំផុត ដោយមិនឲ្យចល័តដើរកម្សាន្តលេងកីឡាចល័ត ឬក៏មានបើកហាងនៅដដែល គឺបិទតែម្តងសូមចូលរួមអនុវត្តន៍បានល្អ» ។
ឯកឧត្ដម បានបញ្ជាក់ថា ក្រុងតាខ្មៅនឹងធ្វើការបិទខ្ទប់ទាំងស្រុងតែម្តង ដោយមិនឱ្យប្រជាពលរដ្ឋចេញចូលពីផ្ទះមួយ ទៅផ្ទះមួយនិងពីភូមិមួយទៅភូមិមួយឡើយ ហើយចំពោះផ្សារលក់គ្រឿងឧបភោគបរិភោគ បន្លែ ត្រីសាច់ គឺអនុញ្ញាតឲ្យលក់ ធម្មតា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ គឺអនុញ្ញាតឲ្យមកទិញគ្រឿងឧបភោគយកទៅផ្ទះ ត្រឹមតែ៣ថ្ងៃក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ ហើយចំពោះហាងលក់សម្ភារផ្សេងៗ ដូចជាកន្លែងលក់គ្រឿងសំណង់ លក់កង់ លក់ខោអាវ លក់គ្រឿងអេឡិចត្រូនិក ផ្ទះសំណាក់ និងអាជីវកម្មមិនចាំបាច់ផ្សេងៗទៀត គឺត្រូវបានបិទទាំងស្រុងរយៈពេល១៤ថ្ងៃតែម្ដង ៕

Comments

Related posts