ចលនាគណៈកម្មការអូឡាពិកអន្តរជាតិ នឹងផ្តល់ «មេដាយមរតកអូឡាំពិក» ជូនសម្តេចតេជោ ហ៊ុន សែន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០១ ០៥ ២០២៣

ភ្នំពេញ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC  បានឱ្យដឹងថា ចលនាគណៈកម្មការអូឡាពិកអន្តរជាតិ នឹងផ្តល់ «មេដាយមរតកអូឡាំពិក» ជូនសម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖...
ក្នុងសន្និសីទសារព័ត៌មានពិសេសនៅពហុកីឡាដ្ឋានជាតិមរតកតេជោ ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ កាលពីពេលថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC បានឱ្យដឹងថា ប្រធានចលនាអូឡាំពិកអន្តរជាតិ បានចាត់តាំងឱ្យអនុប្រធានទី០១ ចូលរួមនឹងនាំយកមេដាយពិសេស ឈ្មោះថា មរតកអូឡាំពិក ដើម្បីជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ ។
ការសម្រេចប្រគល់មេដាយពិសេស ឈ្មោះថា មរតកអូឡាំពិកនេះ ដោយសារតែការមិនគិតថ្លៃពីអត្តពលិក និងប្រតិភូកីឡា សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នោះ គឺបានឮដំណឹងនេះទៅដល់ពិភពលោកទាំងមូល ពិសេសចលនាអូឡាំពិកអន្តរជាតិ។
ឯកឧត្តម ថោង ខុនបានបញ្ជាក់ថា នៅក្នុងកម្មវិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅពេលដែលសម្តេចពិជ័យ សេនា ទៀ បាញ់  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ គោរពអញ្ជើញឡើងប្រកាសបើក សម្តេចលោកមានប្រសាសន៍ដ៏ខ្លី បន្ទាប់មកនឹងមានការប្រគល់មេដាយជូនសម្តេចតេជោ ហ៊ុន សែន ដែលហៅថា មេដាយមរតកអូឡាំពិក។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា មេដាយនេះ ឌីហ្សាញរចនា ដោយលោកស្ថាបនិកអូឡាំពិក ដែលមានលក្ខណៈពិសេស ហើយទុកសម្រាប់តែជូនដល់ថ្នាក់ដឹកនាំកំពូល របស់ប្រទេស ដែលមានស្នាដៃឆ្នើមក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ជោគជ័យ។
សំឡេង « មេដាយនេះគឺថា ទុកពិសេសសម្រាប់តែថ្នាក់ដឹកនាំកំពូលរបស់ប្រទេស ដែលមានស្នាដៃឆ្នើម ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ជោគជ័យ។ អ្វីដែលជាការចាប់អារម្មណ៍ ការសរសើររបស់ ចលនាអូឡាំពិក គឺបានបង្ហាញការជូននូវមេដាយនេះ »។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានៅសល់ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ៕photo_2023-05-01_15-44-10photo_2023-05-01_15-44-08photo_2023-05-01_15-44-11

Comments

Related posts