រដ្ឋមន្ត្រីក្រសួងសាធារណការ ឱ្យដឹងថា នៅក្នុងក្របខណ្ឌតំបន់ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលបានតភ្ជាប់គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញនិងទីក្រុងហូជីមិញ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២២ ១១ ២០២៣

b7-30

b4-40

b3-41

b6-32

b5-36

ភ្នំពេញ ៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ ដែលបានតភ្ជាប់គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញនិងទីក្រុងហូជីមិញ ដែលជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និង រួមចំណែកដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម។

ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ និងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែង ៣៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ដ៏សំខាន់មួយ និងខ្សែផ្លូវសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលដែលបានតភ្ជាប់ទំនាក់ទំនងរូបវន្តរវាងស្ថាប័ន និងប្រជាជន ដោយរាប់ចាប់ពីរាជធានី ភ្នំពេញ ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងបណ្តាខេត្ត ជាប់ព្រំប្រទល់ផ្សេងៗដទៃទៀត។
ឯកឧត្តម បានបន្តថា ខ្សែផ្លូវជាតិ លេខ៥នេះ បាននិងកំពុងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជំញ្ជូនគ្រប់ប្រភេទ ជាពិសេស ខ្សែផ្លូវនេះកំពុងចូលរួមជំរុញឱ្យមានកំណើនសកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រួមជាមួយនឹងសកម្មភាពដឹកជញ្ជូនឆ្លងកាត់ ព្រំដែនរបស់កម្ពុជាជាមួយប្រទេសជិតខាង និងប្រទេសនៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។
 « នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលបានតភ្ជាប់គ្នារវាងទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិត ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងដ៏មានសក្តានុពល ដែលនឹងជំរុញឱ្យមានការប្រកួតប្រជែងខ្លាំង នៅក្នុងមហាអនុតំបន់មេគង្គ(GMS) ក៏ដូចជាតំបន់អាស៊ាន ផងដែរ »។
ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងទៀតថា ខ្សែផ្លូវជាតិលេខ៥នេះ ក៏ជាខ្សែផ្លូវមេដែលមានភាពប្រទាក់ក្រឡាជាមួយ ផ្លូវជាតិសំខាន់ៗ រួមមានដូចជា៖ តភ្ជាប់ជាមួយផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៦១ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល, តភ្ជាប់ជាមួយផ្លូវជាតិលេខ៥០C ផ្លូវជាតិលេខ៥២ ផ្លូវជាតិលេខ៥៣ និងផ្លូវជាតិលេខ៥៣A នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង, តភ្ជាប់ជាមួយផ្លូវជាតិ លេខ៥៣B ផ្លូវជាតិលេខ៥៤ និងផ្លូវជាតិលេខ៥៥ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់, តភ្ជាប់ ជាមួយផ្លូវជាតិលេខ៥៧ និងផ្លូវជាតិលេខ៥៧B នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង, តភ្ជាប់ជាមួយ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥៦ ផ្លូវជាតិលេខ៥៦០ ផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ៥៩ នៅ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងតភ្ជាប់ទៅកាន់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ (ប៉ោយប៉ែត- អារញ្ញប្រាថេត)។
ឯកឧត្តម បានបញ្ជាក់ថា ខ្សែផ្លូវជាតិលេខ៥ រួមជាមួយនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនដទៃទៀត ដែលគ្រោងអនុវត្តនាពេលអនាគតនឹងរួមចំណែកឆ្លើយតបទៅនឹងយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ ត្រូវបានកំណត់នៅក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ដែលក្នុងនោះវិស័យសាធារណការ និងដឹកជញ្ជូន ក៏ត្រូវបានគូសបញ្ជាក់ផងដែរ នៅក្នុងបញ្ចកោណទី២ ត្រង់មុំទី២ “ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យ ដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល” និងបញ្ចកោណ ទី៤ ត្រង់មុំទី៤ "ការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគរូបនីយកម្ម” និងត្រង់មុំទី៥ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការ លើកកម្ពស់សេដ្ឋកិច្ចបៃតង៕

Comments

Related posts