រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ប្ដេជ្ញាចូលរួមអនុវត្តឱ្យកម្ពុជាឈានឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០


 
វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ៣០ ១១ ២០២៣  

IMG_3664

IMG_3663

  MC៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ប្ដេជ្ញាចូលរួមអនុវត្តធ្វើយ៉ាងណាឱ្យកម្ពុជាឈានឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០  ដើម្បីឱ្យស្របតាមនិន្នាការពិភពលោកបច្ចុប្បន្ន។ 
   ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុងនាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា   ក្រសួងរ៉ែនិងថាមពល មានភារកិច្ច មិនត្រឹមតែធានា ឱ្យកម្ពុជាមានការផ្គត់ផ្គង់ថាមពលមួយប្រកបដោយគុណភាព ស្ថិរភាព ប្រសិទ្ធភាព និង លក់ក្នុងតម្លៃសមរម្យប៉ុណ្ណោះទេ  ប៉ុន្តែក្រសួងនឹងប្ដេជ្ញាចូលរួមអនុវត្ត ធ្វើយ៉ាងណាឱ្យកម្ពុជា ឈានឆ្ពោះ ទៅរកអព្យាក្រឹតភាពកាបូន តាមការប្រកាសរបស់រាជរដ្ឋាភិបាលផងដែរ។  ដើម្បីឱ្យសម្រេចផែនការនេះ ក្រសួង កំពុងជំរុញការអនុវត្តន៍ ការងារសំខាន់ចំនួន ២ គឺ៖ ទី១.បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលនៅកម្ពុជា និងទី២.បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។ 
  «ដើម្បីឱ្យព្រះរាជាណា ចក្រកម្ពុជាអាចបង្កើនការផលិត និងប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញឱ្យបានកាន់តែច្រើន ឆ្ពោះទៅរកសង្គមអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ វិស័យថាមពលកម្ពុជា ត្រូវធ្វើការអភិវឌ្ឍប្រព័ន្ធស្តុកថាមពលទុក ដើម្បីគ្រប់គ្រងការប្រែប្រួលចុះឡើងនៃប្រភពថាមពលកកើតឡើងវិញនិងដើម្បីស្ដុកថាមពលទុកសម្រាប់បំពេញការផ្គត់ផ្គង់នៅពេលម៉ោងដែលពន្លឺព្រះអាទិត្យ ឬខ្យល់ចុះថយ ឬគ្មាន។»
   ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា  ក្នុងរយៈពេលកន្លងមកនេះ ក្រសួងរ៉ែនិងថាមពល បានសាកល្បងដាក់បញ្ចូលការប្រើប្រាស់ប្រព័ន្ធអាគុយស្តុកថាមពលទុក នៅក្នុងគម្រោងអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យចំនួន ០៤ ចុងក្រោយ ដើម្បីបន្សាបការឡើងចុះមិនទៀងទាត់របស់ថាមពលពន្លឺព្រះអាទិត្យ និងកំពុងរៀបចំធ្វើការវិនិយោគគម្រោងអាគុយស្ដុកថាមពលទុកទំហំធំមួយជាមួយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។»  ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា នៅក្នុងទីតាំងនៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ ដែលក្រុមហ៊ុនកំពុងសាងសង់នេះ ក្រុមហ៊ុនបានសិក្សាស្រាវជ្រាវ និងរកឃើញថា ក្នុងទីតាំងនេះ មានលក្ខណៈភូមិសាស្ត្រអំណោយផលអាចអភិវឌ្ឍបង្កើតជាស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក (PumpedStorage Hydropower) ក្នុងអានុភាព ១,០០០ មេហ្កាវ៉ាត់ ដែលអាចជួយដល់ការបង្កើនលទ្ធភាពអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា។ ការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញជាបន្តបន្ទាប់នេះ អាចឱ្យកម្ពុជាមានលទ្ធភាពបង្កើនប្រភពថាមពលកកើតឡើងវិញជាអតិបរមា និងឈានដល់ការពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្មថាមពលកកើតឡើងវិញ ជាមួយបណ្តាប្រទេសជិតខាងនៅពេលអនាគតផងដែរ៕

Comments

Related posts