ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យនាយកទីភ្នាក់ងារកយកានៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីសកម្មភាពមីននៅកម្ពុជា

 

(ភ្នំពេញ)៖ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី CHOI Moon Jung នាយកទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលត្រូវបានតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារកយកាប្រចាំកម្ពុជា ដែលបានចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែកនេះ នឹងបានជួយសង្រ្គោះជីវិតមនុស្សរួចផុតពីការគំរាមដោយសារមីន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងរួមចំណែកដោយការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា ការរួមចំណែករបស់សាធារណរដ្ឋកូរ៉េ គឺជាការបង្កើតនូវក្តីសង្ឃឹមថ្មីជូនដល់ក្រុមគ្រួសារក្រីក្រនៅក្នុងសហគមន៍ ដែលទទួលបានការគាំទ្រផ្នែកមនុស្សធម៌លើការងារបោសសម្អាតមីន។ រដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ពេញចិត្តនឹងបន្តសហការជាមួយទីភ្នាក់ងារកយការ លើការងារបោសសម្អាតមីននេះ សម្រាប់ភាពជោគជ័យនៃ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។

ក្នុងកិច្ចពិភាក្សា លោកស្រី CHOI Moon Jung បានលើកឡើងអំពីតួនាទីរបស់ទីភ្នាក់ងារកយការ ក្នុងការគាំទ្រដល់កិច្ចការអភិវឌ្ឍន៍នៅកម្ពុជាលើវិស័យធ្វើឱ្យប្រសើរឡើងនូវការថែទាំសុខភាពជាសកល និងការអប់រំវិទ្យាសាស្ត្រ ដើម្បីលើកកម្ពស់ទេពកោសល្យនាពេលអនាគត និងលើកកម្ពស់ភាពចម្រុះឧស្សាហកម្ម និងការអភិវឌ្ឍន៍ជនបទ ជាដើម។

លោកស្រី Choi ក៏បានកោតសរសើរដល់អាជ្ញាធរមីន ចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលបានចូលរួមជួយឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយការគំរាមកំហែងដោយសារគ្រាប់មីននៅក្នុងប្រទេស។2-593-64photo_2023-11-23_16-58-28-1

Comments

Related posts