ជប៉ុនមានផែនការផ្ដល់ជំនួយ ១០៦ លានដុល្លារសម្រាប់អ៊ុយក្រែន

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_0127

IMG_0126

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo បានរាយការណ៍ថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងសន្យាផ្ដល់ជំនួយទំហំ ១០៦ លានដុល្លារ សម្រាប់អ៊ុយក្រែននៅឯសន្និសីទមួយដែលនឹងត្រូវរៀបចំឡើងក្នុងទីក្រុងតូក្យូ នៅថ្ងៃទី១៩ ខែកុម្ភៈនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ទីភ្នាក់ងារសារព័ត៌មាន Kyodo ដោយផ្អែកលើប្រភពជាច្រើនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា ជំនួយខាងលើនឹងត្រូវបានប្រើប្រាស់ក្នុងការស្ថាបនាឡើងវិញនូវវិស័យចំនួន៧ របស់អ៊ុយក្រែនក្នុងនោះរួមមានទាំងកសិកម្មជាដើម។ ដោយឡែកបើតាមទូរទស្សន៍ជប៉ុន NHK វិញ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន និងលោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែនត្រូវបាន រំពឹងថានឹងចូលរួមក្នុងសន្និសីទ នោះជាមួយអ្នកតំណាងរដ្ឋាភិបាល និងក្រុមហ៊ុនជាច្រើនមកពីប្រទេសទាំង២។ ប៉ុន្តែភ្លាមៗ គណៈរដ្ឋមន្ត្រីជប៉ុនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្ដីរាយការណ៍នេះទេ។ គួរបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញសព្វថ្ងៃ ជប៉ុនមិនអាចប្រគល់អាវុធឱ្យប្រទេសមួយដែលកំពុងមានសង្រ្គាមនោះទេ ប៉ុន្តែកាលពីខែធ្នូ ឆ្នាំ២០២៣ ជប៉ុនបាននិយាយថា ខ្លួននឹងបញ្ជូនប្រព័ន្ធមីស៊ីល Patriot ទៅកាន់សហរដ្ឋអាមេរិក ដែលត្រូវបានគេរំពឹងថាអាចនឹងបញ្ជូនបន្តទៅឱ្យអ៊ុយក្រែន៕

Comments

Related posts